ព្រឹតិ្តការណ៍ / Event


សន្និបាតនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល ដោយមានការចូលរួមពី សមាជិក សមាជិកាឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អនុប្រធានតុលាការកំពូល អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមតុលាការកំពូល ប្រធានសាលាឧទ្ធរណ៍ទាំងបួន អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ ចៅក្រមនៃតុលាការកំពូល ព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល អគ្គលេខាធិការ និងមន្ត្រីពាក់ព័ន្ធ ក្នុងគោលបំណងបូកសរុបលទ្ធផលការងាររបស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ឆ្នាំ២០២៣ ដោះស្រាយបញ្ហាប្រឈមនានា និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ដើម្បីដោះស្រាយ រឿងក្ដីឱ្យបានយុត្តិធម៌ និងឆាប់រហ័ស។ឆ្នាំ២០២៣ កន្លងមក តុលាការកំពូល និងមហាអយ្យការអម តុលាការកំពូល បានទទួលសំណុំរឿងព្រហ្មទណ្ឌចំនួន ១២៥២ រឿង ចាត់ការរួចចំនួន ៨១៣ រឿង និងសំណុំរឿងរដ្ឋប្បវេណីចំនួន ១០៦៦ រឿង ចាត់ការរួចចំនួន ៦៦៧ រឿង ដូច្នេះជាសរុបមានចំនួន ២៣១៨ រឿង ចាត់ការរួចចំនួន ១៤៨០ រឿង នៅសល់ចំនួន ៨៣៨ រឿង។តាមរយៈសន្និបាតបូកសរុបការងារឆ្នាំ២០២៣នេះ បង្ហាញឱ្យឃើញថាការងារដែលតុលាការកំពូល សម្រេចបានក្នុងឆ្នាំ២០២៣ ទទួលបានលទ្ធផលរីកចម្រើនក្នុងការដោះស្រាយរឿងក្តី ក្នុងនោះរឿងក្ដីគ្រប់ ប្រភេទត្រូវបានចាត់ការកើនឡើងចំនួន ១៩៣រឿង បើធៀបនឹងឆ្នាំ២០២២។ ជាងនេះទៅទៀត អង្គសន្និបាត បានធ្វើការពិភាក្សាដោយផុលផុស និងរកឃើញដំណោះស្រាយយ៉ាងល្អចំពោះបញ្ហាប្រឈម និងចំណុច ខ្វះខាតនានាដើម្បីអនុវត្តក្នុងឆ្នាំ២០២៤។

27/01/2024

តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល បានប្រារព្ធសន្និបាតតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល សម្រាប់ឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ស្របតាមមាត្រា ៧៣ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ។