ប្រវត្តិសង្ខេបនៃការបង្កើតតុលាការកំពូល និង មហាអយ្យការអមតុលាការកំពូល

ប្រទេសកម្ពុជាត្រូវបានធ្លាក់ចូលក្នុងគ្រោះមហន្តរាយដ៍ធំធេងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យពីថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ដល់ថ្ងៃ០៦ខែមករាឆ្នាំ១៩៧៩ដែលប្រជាជនកម្ពុជាស្គាល់ជាទូទៅថា“របបប៉ុលពត”ដែលក្នុងរយៈពេល៣ឆ្នាំនៃរបបនេះអ្វីៗត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងក្នុងនោះប្រព័ន្ធតុលាការក៍ត្រូវបានលុបបំបាត់ចោលទាំងស្រុងដែរ។ ក្រោយរំដោះថ្ងៃទី០៧ខែមករាឆ្នាំ១៩៧៩កម្ពុជាបានចាប់ផ្តើមកសាងប្រទេសរបស់ខ្លួនពីបាតដៃទទេហើយនៅអំឡុងឆ្នាំ១៩៨២ដែលប្រទេសកម្ពុជានាពេលនោះមានឈ្មោះថាសាធារណរដ្ឋប្រជាមានិតកម្ពុជាបានសំរេចបង្កើតតុលាការប្រជាជនខេត្ត-ក្រុងដែលជាតុលាការមានតែមួយថ្នាក់ប៉ុណ្ណោះ។ចំពោះតុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូលទើបតែត្រូវបានបង្កើតឡើងតាមច្បាប់ស្តីពីការបង្កើតតុលាការប្រជាជនកំពូលនិងមហាអយ្យការអមតុលាការប្រជាជនកំពូលដែលត្រូវបានប្រកាសឲ្យប្រើតាមក្រឹត្យលេខ២៨ក្រចុះថ្ងៃទី៣១ខែកក្កដាឆ្នាំ១៩៨៥។បន្ទាប់មកនៅឆ្នាំ១៩៨៧មានច្បាប់មួយទៀតពាក់ព័ន្ធនឹងតុលាការកំពូលនេះគឺក្រឹត្យ-ច្បាប់លេខ ​៣៤ក្រ.ចស្តីពីការចាត់តាំងនិងសកម្មភាពរបស់តុលាការប្រជាជនកំពូលនិងមហាអយ្យការអមតុលាការប្រជាជនកំពូល។

ចំពោះច្បាប់ទាំង៣ខាងលើដែលពាក់ព័ន្ធនឹងតុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូលនេះមានមាត្រាមួយចំនួនធំត្រូវបាននិរាករណ៍ដោយច្បាប់ក្រោយៗផងsនិងដោយច្បាប់ផ្សេងៗផងជាពិសេសគឺមាត្រាទាំងឡាយដែលពាក់ព័ន្ធនឹងបញ្ហានីតិវិធីដោយសារមានក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ២០០៧និងក្រមនីតិវិធីរដ្ឋប្បវេណីឆ្នាំ២០០៦មកជំនួស រីឯរចនាសម្ព័ន្ធការងារគឺរក្សាដដែល។ នៅក្នុងឆ្នាំ២០១៤ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ, ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម,និងច្បាប់ស្តីពីលក្ខនិក្តៈនៃចៅក្រមនិងព្រះរាជអាជ្ញាត្រូវបានអនុម័តដែលជាកំណែទម្រង់ស៊ីជម្រៅមួយនៃប្រព័ន្ធយុត្តិធម៌ក្នុងការពង្រឹងនីតិរដ្ឋ , ប្រជាធិបតេយ្យ , ការការពារសិទ្ធិមនុស្ស , ពង្រឹងឯករាជ្យភាពនិង អព្យាក្រឹតភាពក្នុងប្រព័ន្ធតុលាការនិងរៀបចំបង្កើតឲ្យមានតុលាការជំនាញស្ថិតក្នុងសាលាដំបូងនីមួយៗនិងសភាជំនាញនៅតាមសាលាឧទ្ធរណ៍និងតុលាការកំពូលសម្រាប់រឿងក្តីតាមជំនាញនីមួយៗ, និងរៀបចំបង្កើតអគ្គលេខាធិការដ្ឋានរដ្ឋបាលតុលាការសម្រាប់សាលាឧទ្ធរណ៍និងតុលាការកំពូលនិងលេខាធិការដ្ឋានរដ្ឋបាលតុលាការសម្រាប់សាលាដំបូងនីមួយៗ។