ព័ត៌មាន / News


ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ អញ្ជើញចូលរួមពិធីអបអរសាទរ ពិធីរំលឹកខួបពីរសតវត្សនៃប្រវត្តិសាស្ត្រសិង្ហបុរី របស់តុលាការកំពូលសឹង្ហបុរី និងពង្រឹងការអនុវត្តអនុស្សរណៈយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងតំបន់អាស៊ាន

26 November 2026

ឯកឧត្តមបណ្ឌិត ជីវកេង ប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ពិធីរំលឹកខួបពីរសតវត្សនៃប្រវត្តិសាស្ត្រសិង្ហបុរី របស់តុលាការកំពូលសិង្ហបុរី ដែលប្រព្រឹត្តទៅនាថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី ។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធានតុលាការកំពូលកម្ពុជា និងឯកឧត្តមប្រធានតុលាការកំពូលសិង្ហបុរី ក៏មានជំនួបពិភាក្សាស្តីពីការពង្រឹងការអនុវត្ត អនុស្សរណៈយោគយល់គ្នា (MoU) រវាងតុលាការកំពូលកម្ពុជា និងតុលាការកំពូលសិង្ហបុរី ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌ក្នុងក្របខណ្ឌអាស៊ាន។ នាកិច្ចពិភាក្សានេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍លើការអភិវឌ្ឍប្រព័ន្ធតុលាការ ការលើកកម្ពស់នីតិរដ្ឋ ការកសាងសមត្ថភាពមន្ត្រីតុលាការ និងការបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័នតុលាការនៃប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព ការផ្លាស់ប្តូរចំណេះដឹងផ្នែកច្បាប់ និងការរួមចំណែកដល់ការអភិវឌ្ឍវិស័យយុត្តិធម៌ និងសមាហរណកម្មច្បាប់នៅក្នុងតំបន់អាស៊ានឱ្យកាន់តែរឹងមាំថែមទៀត។

វត្តមានរបស់ឯកឧត្តមបណ្ឌិតប្រធានតុលាការកំពូលក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ បានឆ្លុះបញ្ចាំងពីការបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងតុលាការកំពូលកម្ពុជា និងតុលាការកំពូលសិង្ហបុរី សំដៅលើការលើកកម្ពស់ប្រសិទ្ធភាព ប្រសិទ្ធផល និងឧត្តមភាពនៃការផ្តល់យុត្តិធម៌។