16

សូមគោរព

ឯកឧត្តមអង្គវង្សវឌ្ឍានារដ្ឋមន្ត្រីក្រសួងយុត្តិធម៌

គណៈអធិបតីឯកឧត្តមលោកជំទាវលោកលោកស្រីភ្ញៀវកិត្តិយសជាតិ

អន្តរជាតិនិងសមាជិកសមាជិការអង្គសន្និបាតទាំងអស់ជាទីមេត្រី!

                  ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលអង្គសន្និបាទបានផ្តល់កិត្តិយសឲ្យខ្ញុំថ្លែងសន្ទរកថាបិទអង្គ   សន្និបាតដែលបានដំណើរការអស់រយៈពេលមួយថ្ងៃកន្លះកន្លងទៅនេះ។

                  ក្នុងនាមគណអធិបតីនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមសំដែងនូវអំណរគុណយ៉ាងជ្រាវជ្រៅចំពោះការចូលរួមរបស់ ឯកឧត្តមលោកជំទាវលោកលោកស្រីទាំងអស់និងសូមអបអរសាទរព្រមទាំងវាយតម្លៃខ្ពស់ចំពោះដំណើរការនៃអង្គ   សន្និបាតនិងសមិទ្ធផលដ៏ល្អដែលយើងទទួលបានដោយឆ្លងកាត់តាមរយៈការពិភាក្សាយ៉ាងល្អិតល្អន់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

                  តាមរយៈរបាយការណ៍បូកសរុបដំណើរការអង្គសន្និបាតបានបង្ហាញឲ្យឃើញថាឯកឧត្តមលោកជំទាវលោកលោកស្រីសមាជិកសមាជិកានៃអង្គសន្និបាតបានយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការពិភាក្សាទៅលើប្រធានបទទាំងអស់ដែលអង្គសន្និបាតបានលើកឡើង។ទាំងអស់នេះបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីឆន្ទៈនិងការយកចិត្តទុកដាក់បំពេញតួនាទីរបស់ឯកឧត្តមលោកជំទាវលោកលោកស្រីទាំងអស់ដើម្បីអនុវត្តច្បាប់ឲ្យមានភាពរលូននិងច្បាស់លាស់ត្រឹមត្រូវរួមចំណែកធ្វើកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌។

                  ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមធ្វើការចាប់អារម្មណ៍ទៅលើបញ្ហាមួយចំនួនដែលបានលើកឡើងក្នុងរបាយការណ៍បូកសរុបការងារយុត្តិធម៌ឆ្នាំ២០១៣ជាពិសេសអង្គសន្និបាតបានធ្វើការពិភាក្សាគ្នាយ៉ាងផុលផុសអំពីការងារទាក់ទងទៅនឹងកិច្ចការរដ្ឋបាលតុលាការដោយបានលើកឡើងនូវបញ្ហាជាក់ស្តែងមួយចំនួនដែលបានជួបប្រទះក្នុងកិច្ចការដំណើរការងាររបស់ខ្លួនកន្លងមកនៅតាមសាលាជម្រះក្តីនានាព្រមទាំងបានលើកឡើងនូវបទពិសោធន៍និងអនុសាសន៍ល្អៗជាច្រើន។ក្រសួងយុត្តិធម៌ដែលមានតួនាទីជារដ្ឋបាលកណ្តាលគប្បីទទួលយកទៅធ្វើជាមូលដ្ឋានក្នុងការរៀបចំរដ្ឋបាលតុលាការឲ្យស្របទៅតាមបទដ្ឋានគតិយុត្តថ្មីដែលនឹងត្រូវអនុម័តក្នុងពេលដ៏ខ្លីខាងមុខនេះ។

                  ទន្ទឹមនឹងនេះខ្ញុំយល់ឃើញថាដំណើរការរដ្ឋបាលរបស់សាលាជម្រះក្តីអាចប្រព្រឹត្តិទៅបានប្រសើរនិងមានប្រសិទ្ធិភាពទៅបានលុះត្រាតែក្រមសីលធម៌វិជ្ជាជីវៈរបស់យើងដែលត្រូវបានដាក់ឲ្យអនុវត្តទាំងពីខែកុម្ភះឆ្នាំ២០០៧មកនោះត្រូវបានគោរពដ៏ខ្ជាប់ខ្ជួន។ក្រមសីលធម៌នេះគឺជាត្រីវិស័យសម្រាប់ជួយតម្រង់ផ្លូវឲ្យចៅក្រមនិងព្រះរាជអាជ្ញាបានក្លាយខ្លួនទៅជាអ្នកច្បាប់ដ៏មានឧត្តមភាពខ្ពង់ខ្ពស់ក្នុងគោលបំណងពង្រឹងនូវឯករាជភាពនិងសេចក្តីថ្លៃថ្នូររបស់ចៅក្រមនិងព្រះរាជអាជ្ញាក្នុងការអនុវត្តកិច្ចការតុលាការនិងអយ្យការក៏ដូចជាការប្រកាន់នូវឥរិយាបទរបស់ខ្លួននៅក្រៅតុលាការផងដែរ។

ការខ្វះខាតគឺជារឿងធម្មតារបស់មនុស្សអាចនិយាយម្យ៉ាងទៀតថាកើតមកជាមនុស្សតែងតែមានការខ្វះខាតយ៉ាងណាមិញគុណសម្បត្ដិដែលយើងទទួលបានតែងតែមានមកជាមួយនូវគុណវិប្បត្ដិប៉ុន្ដែចំណុចសំខាន់នៅត្រង់ថារកឱ្យឃើញថាគុណវិប្បត្ដិនោះជាអ្វីខ្លះ ? ដើម្បីយើងធ្វើការកែប្រែនិងលុបបំបាត់ឬក៏កាត់បន្ថយមកឱ្យនៅត្រឹមអប្បរមាបំផុតដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍និងកំណើនសេដ្ឋកិច្ចរបស់ជាតិដែលពីមួយថ្ងៃទៅមួយថ្ងៃសេចក្ដីត្រូវការគ្រប់ផ្នែកកាន់តែមានកំរិតខ្ពស់ឡើងរួមទាំងយុត្ដិធម៌សំរាប់មនុស្សគ្រប់រូបផងដែរ។ដូច្នេះហើយបានជាក្រុមប្រឹក្សាកំណែទំរង់ច្បាប់និងប្រព័ន្ធយុត្ដិធម៌បានដាក់ចេញនូវកម្មវីធីសំរាប់អនុវត្ដយុទ្ធសាស្ដ្រកំណែទំរង់ច្បាប់និងតុលាការដើម្បីធ្វើឱ្យវិស័យយុតា្ដធិការមានភាពល្អប្រសើរឡើងដែលប្រជាជនទូទៅអាចទទួលយកបាន។

ក្នុងន័យនេះចាំបាច់ត្រូវសំរេចឱ្យបាននូវគោលបំណងសំខាន់៣គឺ៖

-ជំនឿទុកចិត្ដពីសាធារណៈលើតុលាការ

-ការគោរពពីសាធារណៈចំពោះស្ថាប័នតុលាការ

-ការការពារនូវកេរ្ដិ៍ឈ្មោះរបស់ចៅក្រមនិងព្រះរាជអាជ្ញាជាលក្ខណៈបុគ្គលក៏ដូចជាលក្ខណៈស្ថាប័ន។

ដូច្នេះចៅក្រមនិងព្រះរាជអាជ្ញាត្រូវអនុវត្ដនូវគោលការណ៍ជាមូលដ្ឋានដែលជាគ្រឹះសំរាប់អាកប្បកិរិយារបស់ខ្លួននោះគឺៈ     

១-ឯករាជភាពមានន័យថាមិនស្ថិតនៅក្រោមការត្រួតត្រាឬឥទ្ធិពលរបស់អ្នកដទៃ។ជាគោលការណ៍ចៅក្រមនិងព្រះរាជអាជ្ញាត្រូវបំពេញភារកិច្ចរបស់ខ្លួនដោយឯករាជឈរលើមូលដ្ឋាននៃការវាយតម្លៃលើអង្គហេតុនិងផ្អែកទៅលើចំណេះដឹងផ្នែកច្បាប់ដោយមិនត្រូវទទួលរងនូវឥទ្ធិពលផ្សេងៗដូចជាការអូសទាញការការគៀបសង្កត់ការគំរាមកំហែងឬការជ្រៀតជ្រែកពីសំណាក់ជនណាម្នាក់ឬច្រើននាក់ឬហេតុផលអ្វីមួយទោះដោយផ្ទាល់ក្ដីឬដោយប្រយោលក្ដី។

-ចៅក្រមនិងព្រះរាជអាជ្ញាត្រូវច្រានចោលនូវការប៉ុនប៉ងមិនប្រក្រតីទាំងឡាយណាដែលធ្វើឱ្យមានឥទ្ធិពលដល់ការវិនិច្ឆ័យសេចក្ដីរបស់ខ្លួន។

-ចៅក្រមនិងព្រះរាជអាជ្ញាត្រូវជំរុញនិងប្រកាន់យកនូវការរៀបចំការការពារការថែរក្សានិងលើកកំពស់ឯករាជ្យរបស់តុលាការដើម្បីធ្វើយ៉ាងណាឱ្យខ្លួនត្រូវបានគេមើលឃើញថាជាបុគ្គលមានចរិតយុត្ដិធម៌ទទួលបានព័ត៌មានគ្រប់គ្រាន់និងមានមូលហេតុច្បាស់លាស់ក្នុងការវិនិច្ឆ័យសេចក្ដី។

២-អនាគតិគឺភាពមិនលំអៀងមានន័យថាធ្វើប្រព្រឹត្ដកម្មឬអនុវត្ដស្មើៗគ្នាទៅលើភាគីក្នុងរឿងក្ដី។ក្នុងន័យតុលាការអនាគតិសំដៅដល់ស្ថានភាពគំនិតឬឥរិយាបទរបស់ចៅក្រមនិងព្រះរាជអាជ្ញាទាក់ទងទៅនឹងបញ្ហានិងភាគីក្នុងរឿងក្ដីជាក់លាក់ណាមួយ។ចៅក្រមនិងព្រះរាជអាជ្ញាមិនត្រូវមានភាពលំអៀងនៅក្នុងខ្លួនឡើយទោះជា   លក្ខណៈខាងក្នុងឬខាងក្រៅក៏ដោយ។អនាគតិត្រូវយកមកប្រើប្រាស់មិនត្រឹមតែលើការសំរេចសេចក្ដីទេថែមទាំងក្នុងតំណាក់កាលដំណើរការនីតិវិធីដើម្បីសំរេចសេចក្ដីផងដែរ។ហើយត្រូវជៀសវាងនូវអគតិទាំង៤គឺឆនា្ទគតិ,ទោសាគតិ,ភយាគតិនិងមោហាគតិ។

អនាគតិគឺជាគោលការណ៍ជាសារវ័ន្ដនៃសមត្ថភាពរបស់ចៅក្រមនិងព្រះរាជអាជ្ញាក្នុងការរកយុត្ដិធម៌ក្នុងរឿងក្ដី។នេះគឺជាផ្នែកមួយនៃជំនឿទុកចិត្ដពីសំណាក់សាធារណៈជនលើតុលាការ។ដូច្នេះចៅក្រមនិងព្រះរាជអាជ្ញាមិនត្រូវមានភាពលំអៀងនៅក្នុងការសំរេចសេចក្ដីរបស់ខ្លួនដោយការធ្វើបុរេវិនិច្ឆ័យទាក់ទងទៅនិងជាតិសាសន៍ពណ៌សម្បុរភេទសាសនាពិការភាពស្ថានភាពគ្រួសារស្ថានភាពសេដ្ឋកិច្ចនិងសង្គមឡើយ។

         ៣-ភាពសុចរិត                                                   

បុគ្គលសុចរិតគឺបុគ្គលដែលទៀងត្រង់មិនប្រព្រឹត្ដអំពើពុករលួយ។គោលការណ៍ជាមូលដ្ឋាននៃសីលធម៌ដែលបុគ្គលសុចរិតត្រូវគោរពតាមនឹងមិនប្រែប្រួលឡើយទោះបីជាខ្លួននៅក្នុងតុលាការឬធ្វើសកម្មភាពផ្សេងនៅក្រៅតុលាការក៏ដោយ។បើធ្វើដូច្នេះបាននោះគឺជាគុណភាពនៃភាពសុចរិតដែលអាចធ្វើឱ្យចៅក្រមនិងព្រះរាជអាជ្ញាថែរក្សាបាននូវឯករាជភាពនិងអនាគតិទាំងទិដ្ឋភាពខាងក្នុងនិងទិដ្ឋភាពខាងក្រៅ។អាកប្បកិរិយានិងការប្រព្រឹត្ដរបស់ចៅក្រមនិងព្រះរាជអាជ្ញាត្រូវតែឆ្លុះបញ្ចាំងនូវភាពសុចរិតរបស់ខ្លួននិងធ្វើឱ្យមានជំនឿទុកចិត្ដពីសាធារណៈអំពីភាពសុចរិតរបស់តុលាការ។

៤-សេចក្ដីថ្លៃថ្នូរគឺជាគុណភាពឬស្ថានភាពដែលមានតម្លៃឬទទួលបានការគោរព។បើសិនជាបុគ្គលចៅក្រមនិងព្រះរាជអាជ្ញាមានអាកប្បកិរិយាមិនថ្លៃថ្នូរនោះនឹងនាំឱ្យស្ថាប័នតុលាការទាំងមូលខូចកេរ្ដិ៍ឈ្មោះ។ចៅក្រមនិងព្រះរាជអាជ្ញាត្រូវតែចងចាំជានិច្ចថាខ្លួនជាបុគ្គលដែលស្ថិតក្រោមការឃ្លាំមើលជាអចិន្ដ្រៃយ៍ពីសាធារណៈជន។ដើម្បីពង្រឹងនូវជំនឿទុកចិត្ដលើស្ថាប័នតុលាការចៅក្រមនិងព្រះរាជអាជ្ញាត្រូវបង្ហាញនូវអាកប្បកិរិយាគំរូខ្ពស់ទាំងនៅពេលបំពេញកិច្ចការតុលាការក៏ដូចជាទាំងក្នុងជីវភាពរស់នៅផ្ទាល់ខ្លួនដែរ។ការទទួលយកបានពីសាធារណៈជននូវភាពសុចរិតប្រកបដោយសីលធម៌របស់តុលាការគឺជាប្រភពជាក់ស្ដែងនៃអំណាចតុលាការ។

៥-វិរយភាពគឺការយកចិត្ដទុកដាក់និងទទួលខុសត្រូវចំពោះការងារដែលខ្លួនត្រូវបានចាត់តាំងឱ្យទទួលខុសត្រូវ។វិរយភាពគឺជាការរួមចំណែកក្នុងការថែរក្សាឯករាជភាពអនាគតិភាពសុចរិតនិងសេចក្ដីថ្លៃថ្នូររបស់តុលាការហើយក៏នាំឱ្យមានលទ្ធផលល្អក្នុងការធ្វើសេចក្ដីសំរេចមានរដ្ឋបាលយុត្ដិធម៌មួយប្រកបដោយប្រសិទ្ធភាព។

ចៅក្រមនិងព្រះរាជអាជ្ញាមិនត្រឹមតែមានវិរយភាពក្នុងការបំពេញការងារប៉ុណ្ណោះទេតែត្រូវខិតខំអភិវឌ្ឍន៍និងបង្កើនចំណេះដឹងលើផ្នែកផ្សេងៗនៃច្បាប់បន្ថែមទៀត។បើមិនដូច្នេះទេចៅក្រមនិងព្រះរាជអាជ្ញានោះមិនអាចបំពេញកិច្ចការតុលាការនិងអយ្យការប្រកបដោយគុណភាពឡើយ។ឆ្លងកាត់ការត្រួតពិនិត្យកន្លងមកឃើញថាមានការខ្វះខាតមួយចំនួនដែលខ្ញុំយល់ថាវាជាគុណវិប្បត្ដិត្រូវតែធ្វើការកែប្រែនិងលុបបំបាត់ឱ្យបានដើម្បីលើកកំពស់កិត្យានុភាពនៃតុលាការយើងដូចជា៖

-ការបែងចែកសំណុំរឿងគ្មានតម្លាភាពដែលនាំឲ្យមានការថ្នាំងថ្នាក់។

-ការក្រឡៃរឿងរដ្ឋប្បវេណីទៅជារឿងព្រហ្មទណ្ឌ៖មកដល់ពេលនេះហើយនៅតែមានការយករឿង រដ្ឋប្បវេណីមកធ្វើជារឿងព្រហ្មទណ្ឌនិងឃុំខ្លួនដោយចោទប្រកាន់ពីបទឆបោកឬរំលោភលើទំនុកចិត្ដដើម្បីបង្ខំទារលុយសងពីភាគីម្ខាងទៀតសូម្បីតែធាតុផ្សំនៃបទល្មើសមិនមានគ្រប់គ្រាន់ក៏ដោយ។ខ្ញុំសូមឱ្យយកចិត្ដទុកដាក់ពិនិត្យពិចារណាលើសេចក្ដីណែនាំរួមរវាងក្រសួងយុត្ដិធម៌និងតុលាការកំពូលស្ដីអំពីបទល្មើសរំលោភលើទំនុកចិត្ដដើម្បីជៀសវាងការភ័ន្ដច្រឡំនិងឃុំខ្លួនក្នុងរឿងមិនច្បាស់លាស់។ទន្ទឹមនឹងនេះក៏មានការចេញដីកានាំខ្លួនដោយគ្មានសំណុំរឿងនៅតុលាការសោះនេះជាការខុសឆ្គងមួយ។

-អំពីការឆែកឆេរលំនៅដ្ឋាន៖ខ្ញុំសូមទាក់ទាញអារម្មណ៍អស់លោកចៅក្រមព្រះរាជអាជ្ញាព្រះរាជអាជ្ញារងឱ្យយកចិត្ដទុកដាក់ពិចារណាឱ្យបានដិតដល់មុននឹងទៅចូលរួមឆែកឆេរឬអនុញ្ញាតឱ្យឆែកឆេរលំនៅដ្ឋានណាមួយត្រូវធ្វើឱ្យស្របតាមនីតិវិធីនិងច្បាប់ជាធរមានជៀសវាងការឆែកឆេរគ្រាន់តែជាលេសមួយនាំគ្នាទៅរឹបអូសទ្រព្យសម្បត្ដិរបស់គេដែលមិនមែនជាភស្ដុតាងនៃការប្រព្រឹត្ដបទល្មើស។ខ្ញុំសង្កេតឃើញថាជួនកាលបទល្មើសរំលោភលើទំនុកចិត្ដសោះបែរជាទៅឆែកឆេរផ្ទះរបស់គេដកហូតរបស់របរទ្រព្យសម្បត្ដិរបស់គេដើម្បីជាភស្ដុតាងទៅវិញ។ហើយជាញឹកញយកំណត់ហេតុរឹបអូសទ្រព្យសម្បត្ដិទាំងនោះមិនដែលមានហត្ថលេខាឬស្នាមមេដៃរបស់សាក្សីក្រៅពីសមាសភាពទៅឆែកឆេរទេសូម្បីតែម្ចាស់ទ្រព្យក៏កំរមានចុះហត្ថលេខាលើកំណត់ហេតុដកហូតដែរ។

-អំពីការតាក់តែងសាលក្រមនិងសាលដីកា:ជាញឹកញយខ្ញុំសង្កេតឃើញថាសាលក្រមឬសាលដីកាមួយចំនួនមិនបានសរសេរសំអាងហេតុឲ្យបានហ្មត់ចត់និងច្បាស់លាស់ទេគ្រាន់តែរៀបរាប់អំពីការលើកឡើងរបស់ដើមចោទនិងចុងចម្លើយហើយសន្និដ្ឋានថាចម្លើយរបស់ដើមចោទគួរឲ្យតុលាការជឿបានការលើកឡើងរបស់ចុងចម្លើយមិនគួរឲ្យតុលាការជឿទេដោយអត់មានពន្យល់ថាជឿព្រោះហេតុអ្វី មិនជឿព្រោះហេតុអ្វីនោះឡើយ ?

                  នាពេលនេះខ្ញុំសូមទាក់ទាញអារម្មណ៍លោកចៅក្រមនិងលោកព្រះរាជអាជ្ញាថាសំអាងហេតុនៃសេចក្តីសម្រេចឬសេចក្តីសន្និដ្ឋានរបស់ព្រះរាជអាជ្ញាមានសារៈសំខាន់ណាស់ពីព្រោះថាការសរសេរសំអាងហេតុនៅក្នុងសេចក្តី

សម្រេចគឺមានគោល​បំណង​ដូច​ខាងក្រោម៖

ក)        ការពារភាគីឲ្យចាកផុតពីការទទួលបាននូវសេចក្តីសម្រេចតាមតែទំនើងចិត្តរបស់ចៅក្រមនិងការពារសច្ចភាពផ្លូវច្បាប់។

ខ)        ធានាថាជនជាប់ចោទនិងសាធារណជនពិតជាបាន​យល់អំពីសេចក្តី​សម្រេចនិងបង្ហាញឲ្យភាគីនៃរឿងក្តីឃើញថាតុលាការពិតជាបានយកចិត្តទុកដាក់ស្តាប់ទឡ្ហីករណ៍ទាំងអស់​ដែលពួកគេ ​បានលើកឡើងនិងបង្ហាញអំពីអង្គច្បាប់ដែលតុលាការយកមកធ្វើជាសំអាង។

គ)        អនុញ្ញាតឲ្យមានការត្រួតពិនិត្យជាសាធារណៈលើកិច្ចការរដ្ឋបាលតុលាការនិងធានាថាតុលាការ

បានបង្ហាញនូវការយកចិត្តទុកដាក់ពិសេសនៅក្នុងការអនុវត្តកិច្ចដំណើរការនីតិវិធី។     

ឃ)       ពង្រឹងចៅក្រមឲ្យអនុវត្តកាតព្វកិច្ចក្នុងការបង្ហាញ​សំអាងហេតុរបស់ខ្លួនប្រកបដោយគុណភាព

ដោយផ្អែកទៅលើទឡ្ហីករណ៍ជាសត្យានុម័តនិងចំណេះដឹងផ្លូវច្បាប់។

ង)        ធានានូវយន្តការប្តឹងឧទ្ធរណ៍និងប្តឹងសាទុក្ខដោយផ្តល់លទ្ធភាពឲ្យភាគីប្តឹងឧទ្ធរណ៍និងប្តឹង

សាទុក្ខនិងដោយអនុញ្ញាតឲ្យមានការត្រួតពិនិត្យឡើងវិញដោយតុលាការជាន់ខ្ពស់

ប្រកបដោយប្រសិទ្ធិភាព។                           

            ហេតុដូច្នេះចៅក្រមត្រូវតែសរសេរសំអាងហេតុឲ្យបានហ្មត់ចត់និងច្បាស់ាលាស់នៅក្នុងរាល់សេចក្តីសម្រេចរបស់ខ្លួន។ខ្ញុំសូមរំលឹកបន្ថែមថាព្រះរាជអាជ្ញានិងព្រះរាជអាជ្ញារងត្រូវគោរពដាច់ខាត់នូវគោលការណ៍មូលដ្ឋានដូចមានចែងក្នុងមាត្រា៤៤នៃក្រមនីតិវិធីព្រហ្មទណ្ឌនៅពេលធ្វើសេចក្តីសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ។លើសពីនេះទៀតព្រះរាជអាជ្ញានិងព្រះរាជអាជ្ញារងទាំងអស់ត្រូវគោរពតាមលិខិតលេខ២១៣មហក/១២ចុះថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១២ដែលមហាអយ្យការអមសាលាឧទ្ធរណ៍បានណែនាំឲ្យព្រះរាជអាជ្ញានិងព្រះរាជអាជ្ញារងទាំងអស់សរសេរសារណាបញ្ជាក់អំពីមូលហេតុនៃបណ្តឹងឧទ្ធរណ៍នៅពេលខ្លួនធ្វើបណ្តឹងឧទ្ធរណ៍។ចំពោះចៅក្រមស៊ើបសួរត្រូវតែសរសេរសំអាងហេតុឲ្យបានហ្មត់ចត់និងច្បាស់លាស់ដូចមានចែងក្នុងមាត្រា២៤៧កថាខ័ណ្ឌទី៤វាក្យខ័ណ្ឌទី១នៃក្រមនីតិវិធីព្រហ្មទណ្ឌនៅពេលចេញដីកាដំណោះស្រាយ។

ខ្ញុំជឿជាក់ថាអង្គសន្និបាតនេះផ្តល់ជាទិសដៅការងារនិងផលប្រយោជន៍យ៉ាងខ្លាំងដល់ក្រសួងយុត្តិធម៌ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាលលើវិស័យយុត្តិធម៌នឹងចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធិភាពគោលនយោបាយយុត្តិធម៌តាមរយៈការដោះស្រាយនិងឆ្លើយតបតម្រូវការរបស់ស្ថាប័នតុលាការនិងស្ថាប័នអយ្យការខាងផ្អែកសម្ភារៈបរិក្ខាព្រមទាំងក្របខ័ណ្ឌច្បាប់និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធផ្សេងៗសំដៅដល់ការអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀតដើម្បីរួមចំណែកអនុវត្តគោលនយោបាយកំណែទម្រង់ច្បាប់និងប្រព័ន្ធយុតិ្តធម៌ដែលជាគម្រោងអាទិភាពរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាការបន្តនូវការកែទម្រង់ប្រព័ន្ធតុលាការជាពិសេសការពង្រឹងឯករាជ្យនៃអំណាចតុលាការដែលជាគោលការណ៍សារវ័ន្តមួយដ៏សំខាន់ក្នុងការធានាមុខងារចៅក្រមនិងព្រះរាជអាជ្ញាដើម្បីលើកកំពស់ការបម្រើសេវាយុត្តិធម៌ឲ្យបានកាន់តែប្រសើរឡើងស្របតាមយុត្តិសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា។

                  តាមរយៈអង្គសន្និបាតនេះដែរចៅក្រមព្រះរាជអាជ្ញានិងអ្នកចូលរួមទាំងអស់ទទួលបាននូវអនុសាសន៍ល្អៗមួយចំនួនជាអាទិ៍​៖

                  -បានបង្កើនសមត្ថភាពនឹងចំណេះដឹងផ្នែកច្បាប់ថែមទៀត។

                  -គោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រមនិងព្រះរាជអាជ្ញា។

                  -អនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ​​ សំដៅការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដើម្បីបង្កើននូវជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធយុត្តិធម៌របស់យើង។

                  -បង្កើនកិច្ចសហការជាមួយមន្ត្រីអនុវត្តច្បាប់និងស្ថាប័នពាក់ព័ន្ធតាមរយៈការប្រជុំនឹងពិភាក្សាទាំងផ្នែកច្បាប់និងការងារជាក់ស្តែងដើម្បីបង្កើនការយោគយល់គ្នានិងបង្កើនសមត្ថភាពនៃការអនុវត្តច្បាប់ក៏ដូចជាដំណើរការស្ថាប័នយុត្តិធម៌ទាំងមូល។

                  បន្ថែមពីនេះទៀតសន្និបាតការងារយុត្តិធម៌ឆ្នាំ២០១៣- ២០១៤របស់យើងបានដាក់ចេញជាសេចក្តីសម្រេចចិត្តរបស់អង្គសន្និបាតដូចដែលឯកឧត្តមហ៊ីសោភាបានអានអំបាញ់ម៉ិញនេះដែលមានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់ឲ្យឯកឧត្តមលោកជំទាវលោកលោកស្រីចៅក្រមនិងព្រះរាជអាជ្ញាទូទាំងប្រទេសយកធ្វើជាមូលដ្ឋានសម្រាប់អនុវត្តច្បាប់ឲ្យមានភាពរលូននិងឯកភាពគ្នា។

ជាទីបញ្ចប់នេះខ្ញុំសូមឲ្យលោកចៅក្រមព្រះរាជអាជ្ញាទាំងអស់ចាប់អារម្មណ៍អំពីសាមគ្គីភាពឯកភាពនៅលើមូលដ្ឋាននៃច្បាប់ត្រូវចេះសហការពីគ្រោះយោបល់គ្នាទៅវិញទៅមកកុំប្រកាន់ថាជាចៅក្រមអយ្យការឬចៅក្រមជំនុំជម្រះ។នៅក្នុងអង្គភាពមួយបើគ្មានការឯកភាពគ្នានោះនឹងគ្មានការរីកចំរើនឡើយព្រោះម្នាក់ៗចាំតែមើលបំណាំគ្នាចាំតែចាប់កំហុសគ្នានិងប៉ែងជើងគ្នា  ទីបំផុតវិនាសទាំងអស់គ្នា។

ជាថ្មីម្តងទៀតខ្ញុំសូមថ្លែងអំណរអគុណយ៉ាងជ្រៀលជ្រៅចំពោះវត្តមានដ៏មានតំលៃរបស់ឯកឧត្តមលោកជំទាវលោកលោកស្រីដែលធ្វើឲ្យសន្និបាតការងារយុត្តិធម៌ឆ្នាំ២០១៣- ២០១៤បានទទួលលទ្ធផលយ៉ាងល្អនិងសូមជូនពរឯកឧត្តមលោកជំទាវលោកលោកស្រីសូមឲ្យមានសុខភាពល្អនិងទទួលបានជោគជ័យក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន។

                  សូមប្រកាសបិទអង្គសន្និបាត

សូមអរគុណ !

 

ទំព័រ​ទី 5 ​ទាំងអស់ 5 ទំព័រ