17

ដំណើរទស្សនកិច្ចពង្រឹងមិត្តភាព និងសហប្រតិបត្តិការលើវិស័យតុលាការ

រវាង

ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ

សុទ្ទរកថារបស់ ឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឧិកាសធ្វើទស្សនកិច្ចនៅសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ

វៀងច័ន្ទថ្ងៃទី០៧-១១ខែ កក្កដាឆ្នាំ២០១១

សូមគោរព !

ឯកឧត្តម ខាំផាញ់ ស៊ីធីដាំផា ប្រធានតុលាការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាមានិត

ប្រជាធិបតេយ្យឡាវ និង សហការី។

ជាបឋមក្នុងនាមគណៈប្រតិភូរបស់តុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំមានសេចក្ដីរីករាយឥត ឧបមា និង សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្ដម ខាំផាញ់ ស៊ីធីដាំផា ប្រធានតុលាការប្រជាជន កំពូល នៃសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវដែលបានអញ្ជើញខ្ញុំ និងសហការីបានមកធ្វើទស្សនៈកិច្ចនៅតុលាការប្រជាជនកំពូល នៃសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ និង បានទទួលយើងខ្ញុំយ៉ាងកក់ក្ដៅក្នុងអំឡុងពេលទស្សនៈកិច្ចនេះ ។ ឆ្លៀតក្នុងឧិកាសនេះដែរ តាងនាមរូប​ខ្ញុំផ្ទាល់ និង គណៈប្រតិភូសូមប្រសិទ្ធិពរជ័យជូនឯកឧត្តមប្រធាន ខាំផាញ់ ស៊ីធីដាំផា ដែលត្រូវបានរដ្ឋសភាជាតិនៃសាធារណៈរដ្ឋប្រជាមានិត្យប្រជា-ធិបតេយ្យឡាវផ្តល់សេចក្តីទុកចិត្តជ្រើសតាំងជា ប្រធានតុលាការប្រជាជនកំពូលនៃសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដើម្បីផ្តល់សេវ៉ាយុត្តិធម៌ជូនជាតិ និង ប្រជាពលរដ្ឋ។

ខ្ញុំនៅចាំបានថា សាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ និង ព្រះរាជាណាចក្រកម្ពុជាបានបង្កើតទំនាក់ទំនងល្អៗជាច្រើនវិស័យតាំងពីយូរយាណាស់មកហើយ ហើយជាពិសេស ការពង្រឹងសហប្រតិបត្ដិការក្នុងវិស័យតុលាការបន្ទាប់ពីមានសន្និសីទអន្តរជាតិស្តីពីការពង្រឹងមិត្តភាព និង សហប្រតិបត្តិការរវាងស្ថាប័នតុលាការនៃបណ្តាខេត្តជាប់ព្រំដែនរបស់ប្រទេស កម្ពុជា ឡាវ និង វៀតណាម ដែលបានធ្វើឡើងនៅទីក្រុងញ៉ាចាង ប្រទេសវៀតណាម និងជាពិសេសទៀតនោះគឺបន្ទាប់ពីមានដំណើរទស្សនៈកិច្ចរបស់ឯកឧត្ដម ខាំមី សៃញ៉ាវង្ស អតីតប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវនៅព្រះរាជាណាចក្រកម្ខុជាកាលពីចុងខែមេសា ឆ្នាំ២០១១ កន្លងទៅនាពេលថ្មីៗនេះ ដើម្បីស្វែងយល់អំពីប្រព័ន្ធតុលាការ និង ដំណើរការវិស័យយុត្ដិធម៌រវាងប្រទេសយើងទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និង សាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ។

ឆ្លៀតឱកាសនេះ ខ្ញុំសូមជំរាបជូនឯកឧត្ដម និង សហការីជ្រាបថា នៅកម្ពុជា ក៏កំពុងធ្វើកំណែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្ដិធម៌ផងដែរដើម្បីឱ្យស្របទៅនឹងដំណើរការវិវឌ្ឍន៏សេដ្ឋកិច្ចទីផ្សារ និង សកលភាវូបនីយកម្មសេដ្ឋ-កិច្ចនៅក្នុងពិភពលោកនេះ ដែលខ្ញុំសូមជម្រាបជូនសង្ខេបដូចតទៅ ៖

I-អំពីប្រព័ន្ធតុលាការកម្ពុជានាពេលបច្ចុប្បន្ន

            ១-អំពីធនធានមនុស្ស

            ២-អំពីនីតិវិធី

            ៣-អំពីឯករាជភាពរបស់តុលាការ

            ៤-អង្គការចាត់តាំង នៃតុលាការបច្ចុប្បន្ន

II-អំពីកំណែទំរង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌នៅកម្ពុជា

I-អំពីប្រព័ន្ធតុលាការកម្ពុជានាពេលបច្ចុប្បន្ន

            ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមួយមានវ័យចំណាស់ដូចប្រទេសជាច្រើន ក្នុងពិភពលោកនេះដែរ ។ ដូច្នេះ ច្បាប់ និង តុលាការ ក៏មានការកកើតតាំងពីយូរយាណាស់មកហើយដែរ ប៉ុន្ដែជាអកុសល ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ប្រទេសកម្ពុជា បានធ្លាក់ចូលក្ន្នុងយុគ្គសម័យខ្មៅងងឹតមួយក្រោមការដឹកនាំរបស់ប៉ុលពត ឬ ហៅបានម្យ៉ាងទៀតថា របប ខ្មែរប្រហម ។ ក្នុងអំឡុងពេលនោះ អ្វីៗត្រូវបានបំផ្លាញចោលទាំងអស់ តាំងពីសាលារៀន វត្ដអារាម គ្មានទីផ្សារ ហើយក៏គ្មានច្បាប់ និង ប្រព័ន្ធតុលាការដែរ ។

            ក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ កម្ពុជាត្រូវបានរំដោះចេញពីរបបខ្មែរក្រហម យើងសល់នៅតែបាតដៃទទេ។ យើងបានចាប់ផ្ដើមរៀបចំរចនាសម្ព័នអង្គការរដ្ឋឡើងវិញដែលក្នុងនោះតុលាការក៏បានចាប់ដំណើរការតាមបណ្ដាខេត្ដខ្លះក្នុងអំឡុងឆ្នាំ១៩៨២ ឬ ១៩៨៣ ហើយជាតុលាការមានតែមួយថ្នាក់ប៉ុណ្ណោះ ហើយបន្ទាប់មកតុលាការកំពូលចាប់ផ្ដើមបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៤ និង បានដំណើរការពីឆ្នាំ ១៩៨៧ ។ ការចាប់ផ្ដើមដំណើរការវិស័យតុលាការនេះ បានជួបប្រទះនឹងការលំបាកដ៏ច្រើនសន្ធឹកសន្ធាប់តាំងពីធនធានមនុស្ស ច្បាប់ និង សំភារៈប្រើប្រាស់នៅក្នុងតុលាការ ហើយបច្ច័យនៃរបបនេះ បានបន្សល់ការលំបាករហូតដល់បច្ចុប្បន្ន ។

            នៅឆ្នាំ១៩៩៣ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងវិញ ហើយប្រកាន់យកនូវរបបប្រជាធិប-តេយ្យសេរី ពហុបក្ស និង សេដ្ឋកិច្ចផ្សារសេរី គឺជាពេលវេលាមួយដែលសង្គមកម្ពុជា នៅមានកង្វះខាត ស្ថាប័ន និងរចនាសម្ព័នមូលដ្ឋាន ដើម្បីការពារនូវសិទ្ធិសារវ័ន្ដរបស់មនុស្ស និង ដំណើរការសេដ្ឋកិច្ចផ្សារសេរី ដូចជា ៖ តុលាការឯករាជ្យ ស្ថាប័នវិជា្ជជីវៈច្បាប់ រដ្ឋបាលមួយប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើន និង ការពារផលប្រយោជន៍របស់ប្រជាជន ។

            តាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជា បានអះអាងនូវការប្ដេជ្ញាចិត្ដរបស់ខ្លួន គឺធ្វើយ៉ាងណាអោយបានសំរេចគោលដៅនូវសង្គមមួយ ប្រកបដោយយុត្ដិធម៌ និង សន្ដិភាព ។ តាមរយៈរដ្ឋធម្មនុញ្ញថ្មីនេះ យើងបានខិតខំរៀបចំ កែលំអរនូវប្រព័ន្ធតុលាការរបស់យើង។

            ឯកឧត្តមជាទីគោរព !     

នរណាក៍ដឹងដែរថា ប្រព័ន្ធតុលាការ គឺជាជ្រុងមួយដ៏សំខាន់សំរាប់ប្រទេសប្រកាន់យកលិទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ ។ វត្ដមាននៃតុលាការមួយដែលឯករាជ្យ តម្លាភាព មានសមត្ថភាព និងមិនមានអំពើពុករលួយ គឺជាមូលដ្ឋានគ្រឹះនៃនីតិរដ្ឋ។ ហើយធ្វើឱ្យសេដ្ឋកិច្ចមានការរីកចំរើន ។ ដោយឡែកនៅកម្ពុជាយើងទទួលស្គាល់ថា អំណាចតុលាការ ស្ថិតក្នុងស្ថានភាពក្មេងខ្ចីនៅឡើយ ដូចជា សមត្ថភាព ធនធានមនុស្ស សំភារៈបរិក្ខា សំរាប់បំរើការកិច្ចការតុលាការ និងក្របខ័ណ្ឌច្បាប់ ជាដើម ដែលខ្ញុំសូមរៀបរាប់ត្រួសៗដូចតទៅៈ

            ១-អំពីធនធានមនុស្ស

            តុលាការកម្ពុជា ពេលបង្កើតដំបូងនៅខ្វះធនធានមនុស្សនៅឡើយ ។ ការខ្វះអ្នកច្បាប់ដែលខ្ញុំលើកមកជំរាបជូននៅពេលនេះ មានន័យថា ចៅក្រមដែលត្រូវបានតែងតាំងក្រោយរំដោះចេញពីរបបខ្មែរក្រហម ភាគច្រើន គឺជាអតីតគ្រូបង្រៀន ។ ប៉ុន្ដែពេលបច្ចុប្បន្ននេះ យើងមានចៅក្រម និងព្រះរាជអាជ្ញាថ្មីៗជាច្រើនដែលទទួលបានការបណ្ដុះបណ្ដាលនៅរាជបណ្ឌិតសភាវិជ្ជាជីវតុលាការ ដែលគ្រឹះស្ថាននេះបានបង្កើតឡើងនៅឆ្នាំ ២០០៣-២០០៤ ដើម្បីជាការពង្រឹងគុណភាព និង​សមត្ថភាព ទាំងចៅក្រមកំពុងបំពេញការងារ និង សិស្សចៅក្រមដែលកំពុងសិក្សានៅសាលានោះ។

            ២-អំពីនីតិវិធីតុលាការ

            ទោះបីជាបច្ចុប្បន្ននេះ តុលាការកម្ពុជាអាចបោះជំហានទៅមុខ ដោយមើលឃើញថា ច្បាប់នីតិវិធី និង ច្បាប់សារធាតុមួយចំនួនធំត្រូវបានអនុម័ត និង ដាក់ឲ្យប្រើប្រាស់ក៍ដោយ ក៍ការដំណើរការនីតិវិធីរឿងក្តីនៅមានការខ្វះចន្លោះ ពីព្រោះច្បាប់ថ្មីៗទាំងនេះ តម្រូវឲ្យចៅក្រមទាំងអស់ធ្វើការសិក្សាឡើងវិញឲ្យបានស៊ីជម្រៅ។

៣-អំពីឯករាជភាពរបស់តុលាការ

មាត្រា ១៣២ ថ្មី និង ១៣៤ថ្មី នៃរដ្ឋធម្មនុញ្ញ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលជាស្ថាប័នមួយ ធានានូវ ឯករាជ្យភាពរបស់តុលាការ ហើយមានភារកិច្ចលើការតែងតាំង ផ្លាស់ប្ដូរ និងដាក់វិន័យចៅក្រម និងព្រះរាជអាជ្ញា ត្រូវបានបង្កើតឡើងក្រោមអធិបតីភាព នៃព្រះមហាក្សត្រ ។ ប៉ុន្ដែទោះជាយ៉ាងណាក្ដី រហូតមកដល់ពេលនេះ យើងត្រូវការច្បាប់មួយទៀតដែលមិនទាន់បានអនុម័តដោយរដ្ឋសភានៅឡើយ គឺច្បាប់ស្ដីពីលក្ខន្ដិកៈចៅក្រម ហើយច្បាប់នេះកំពុងពិភាក្សា ។

៤-អង្គការចាត់តាំងតុលាការបច្ចុប្បន្ន

តាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅនៃសាលាជំរះក្ដីឆ្នាំ១៩៩៣ តុលាការកម្ពុជា មាន២៣តុលាការខេត្ដ-ក្រុងនិងតុលាការយោធាមួយ ជាតុលាការជាន់ទាប សាលាឧទ្ធរណ៍ និងតុលាការកំពូល ជាតុលាការជាន់ខ្ពស់មានតែមួយទេតាំងនៅរាជធានីភ្នំពេញមានវិសាលភាពគ្របដណ្តបលើផ្ទៃប្រទេសទាំងមូល។

II-អំពីកំណែទំរង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌នៅកម្ពុជា

            ដោយពិនិត្យឃើញថា ដំណើរការវិស័យយុត្ដិធម៌នៅកម្ពុជាបច្ចុប្បន្ន មិនទាន់មានលក្ខណៈសមស្របទៅនឹង

កំណើន និងវឌ្ឍនភាព នៃសេដ្ឋកិច្ចជាតិ យើងបានផ្ដួចផ្ដើមធ្វើកំណែទំរង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌នេះក្នុងក្របខ័ណ្ធអភិបាលកិច្ចល្អ ។

            ផ្ដើមចេញពីមូលដ្ឋានគ្រឹះខាងលើនេះ យើងមានចក្ខុវិស័យរួមមួយអំពីវិស័យយុត្ដិធម៌របស់យើង ដោយឈរ

លើមូលដ្ឋាន នៃរដ្ឋធម្មនុញ្ញ ដែលការពារអោយមានលទ្ធិប្រជាធិបតេយ្យសេរី នៅក្នុងប្រទេសមួយមានអធិបតេយ្យធានាអោយមានក្របខ័ណ្ឌច្បាប់ និងយុត្ដិធម៌មួយ ដែលអាចជឿទុកចិត្ដបាន មានស្ថេរភាព និងប្រតិបត្ដិតាមនីតិរដ្ឋ នៅក្នុងសេដ្ឋកិច្ចទីផ្សារ ដោយតាមរយៈនេះ ជំរុញអោយកាត់បន្ថយភាពក្រីក្រ។ស្ថាប័នទាំងឡាយនៃវិស័យយុត្ដិធម៌ ត្រូវធ្វើអោយទំនើប និងមានប្រសិទ្ធភាព មានមន្ដ្រីបំរើការមានលក្ខណៈសម្បត្ដិល្អប្រសើរ និងមានធនធានគ្រប់គ្រាន់ដំណើរការត្រឹមត្រូវតាមការកំណត់នៃច្បាប់ ក្នុងការដោះស្រាយវិវាទគ្រប់ប្រភេទទាំងអស់ដែលកើតឡើងរវាងបុគ្គល និងបុគ្គល ឬបុគ្គលនឹងរដ្ឋជាដើម ។

            ក្នុងបរិបទនៃចក្ខុវិស័យខាងលើ យើងបានលើកយកនូវទស្សាទាន ៤ យ៉ាង ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញមកធ្វើជាមូលដ្ឋានគ្រឹះក្នុងការកែទំរង់ គឺ សិទ្ធិបុគ្គល ប្រជាធិបតេយ្យសេរី ការបែងចែកអំណាច និងនីតិរដ្ឋ ។ ទន្ទឹមនឹងនេះ បានបង្កើតនូវយុទ្ធសាស្ដ្រ ៧ សំរាប់កំណែទំរង់ច្បាប់ និងតុលាការដូចខាងក្រោម ៖

១-ពង្រឹងការការពារសិទ្ធិ និងសេរីភាពបុគ្គល ដោយបង្កើត និងគាំទ្រវិធានការសំរាប់ការពារសិទ្ធិ និងបង្កើនការយល់ដឹងក្នុងចំណោមមហាជន និងស្ថាប័នពាក់ព័ន្ធ សំដៅជំរុញឱ្យមានការអភិវឌ្ឍន៍ដោយសមធម៌ និង ចីរភាពដំណាលគ្នា ។

២-ធ្វើទំនើបកម្មក្របខ័ណ្ឌច្បាប់ ដោយកសាងក្របខ័ណ្ឌច្បាប់មួយដែលសព្វគ្រប់ តាមរយៈដំណើរការធ្វើច្បាប់ ដែលផ្ដល់លទ្ធផលស៊ីសង្វាក់គ្នា ហើយនិងមានការចូលរួមពីមជ្ឈដ្ឋាននានាសំដៅធានាឱ្យបាននូវច្បាប់មួយ ដែលមានតុល្យភាព និង ការអនុវត្ដដោយពេញលេញនូវនីតិរដ្ឋ ។

៣-ផ្ដល់លទ្ធភាពទទួលបានព័ត៌មានអំពីច្បាប់ និងតុលាការឱ្យកាន់តែប្រសើរឡើង ដោយជំរុញនូវការផ្សព្វផ្សាយចំណេះដឹងច្បាប់ជាមូលដ្ឋានតាមរយៈការបោះពុម្ពផ្សាយជាផ្លូវការ ប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិច និងប័ណ្ណផ្នត់ព័ត៌មាន និងធានានូវភាពងាយស្រួលក្នុងការទទួលបានព័ត៌មានច្បាប់ និងតុលាការ ដល់អ្នកប្រកបមុខវិជ្ជាជីវៈផ្នែកច្បាប់ និងដល់អ្នកដែលយកចិត្ដទុកដាក់ផ្សេងទៀតលើវិស័យច្បាប់ ។

៤-ធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃដំណើររឿងក្ដី និងសេវាកម្មពាក់ព័ន្ធ ដោយពង្រឹងវិជ្ជាជីវៈផ្នែកច្បាប់ ធ្វើឱ្យបានប្រសើរឡើងនូវជំនួយផ្នែកច្បាប់ ហើយនិងសម្រួលនីតិវិធីតុលាការ ដើម្បីធានានូវយុត្ដិធម៌ និងដំណើរការ

នីតិវិធីមួយដ៍ត្រឹមត្រូវ សំរាប់ប្រជាពលរដ្ឋ ។

៥-ពង្រឹងសេវាកម្មយុត្ដិធម៌ រួមមានអំណាចតុលាការ និងសេវាកម្មផ្នែកអយ្យការ ដោយបញ្ចូលវិធានការចាំបាច់នានា ផ្នែកអប់រំច្បាប់ នីតិវិធី និងរចនាសម្ព័ន្ធ ដើម្បីធានាភាពទទួលបានយុត្ដិធម៌មួយដែលត្រឹមត្រូវគួរឱ្យជឿទុកចិត្ដបាន ឯករាជ្យ និងទទួលការគោរពពីសាធារណៈជនទូទៅ ។

៦-បញ្ចូលយន្ដការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីផ្ដល់ដំណោះស្រាយវិវាទឱ្យបានឆាប់រហ័ស និង ងាយស្រួលដល់ភាគីពាក់ព័ន្ធ ហើយនិងជួយសម្រាលដល់បន្ទុករបស់ប្រព័ន្ធតុលាការ ។

៧-ពង្រឹងស្ថាប័នវិស័យច្បាប់ និងតុលាការឱ្យបំពេញអាណត្ដិរបស់ខ្លួនបានសំរេច ដោយពង្រឹងការគ្រប់គ្រងការធ្វើផែនការ យន្ដការត្រួតពិនិត្យនានា និងសមត្ថភាពជាទូទៅ សំដៅផ្ដល់នូវសេវាសាធារណៈមួយពេញលេញ និងធានាឱ្យការធ្វើសេចក្ដីសំរេចស្របទៅនឹងគោលការណ៍អភិបាលកិច្ចល្អ និងការអនុវត្ដប្រកបដោយប្រសិទ្ធភាព។

            យើងខ្ញុំមានការងារជាច្រើនទៀតដែលត្រូវធ្វើនិងត្រូវការពេលវេលាច្រើនទៀតក្នុងវិស័យកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ការប្តេជ្ញាចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាលគឺត្រូវតែធ្វើឲ្យបានសម្រេចនូវការកែទម្រង់នេះជាដំណាក់ៗទៅតាមផែនការសកម្មភាពដែលបានដាក់ចេញ។ ខ្ញុំសង្ឃឹមថា តាមរយៈសហប្រតិ-បត្ដិការលើវិស័យតុលាការដែលយើងមាននាពេលនេះ យើងអាចផ្លាស់ប្ដូរនូវបទពិសោធន៍និងចំណេះដឹងផ្នែកច្បាប់ រវាងស្ថាប័នយើងទាំងពីរ អាចជាការជួយផ្ដល់នូវឯកសារច្បាប់ ឬពត៌មានផ្នែកច្បាប់ ឬការបញ្ជូនចៅក្រមរបស់យើងទៅធ្វើការសិក្សាស្រាវជ្រាវអំពីច្បាប់ទៅវិញទៅមក។នៅក្នុងបរិបទនេះសូមឯកឧត្តមខាំផាញ់ ស៊ីធីដាំផានិងសហការីមេត្តាពិចារណាពិនិត្យលទ្ធភាពអំពីការចុះព្រមព្រៀងសហប្រតិបត្តិការរវាងស្ថាប័នតុលាការកំពូលយើងទាំងពីរដើម្បីពង្រឹងថែមទៀតក្នុងកិច្ចសហប្រតិបត្តិការនេះ។ លើសពីនេះទៀត យើងនឹងខិតខំពង្រឹងនូវការអនុវត្តសេចក្តីប្រកាសរួមនៃសន្និសីទតុលាការបណ្តាខេត្តជាប់ព្រំដែន កម្ពុជា ឡាវ និងវៀតណាម ចុះថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១០ ដែលមានគោលបំណងចែករំលែកបទពិសោធន៍ក្នុងការតស៊ូប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ។

            ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងអំណរគុណដល់ឯកឧត្ដមប្រធាន ខាំផាញ់ ស៊ីធីដាំផា និង សហការីចំពោះការផ្ដល់ភាពកក់ក្ដៅដល់យើងខ្ញុំក្នុងអំឡុងពេលស្នាក់អាស្រ័យនៅលើទឹកដីដ៍បវរនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ និង សូមជូនពរឯកឧត្ដម និង សហការីមានសុខភាពល្អ និង ទទួលបានជ័យជំនះថ្មីៗបន្ថែមទៀត ។

            ខ្ញុំសូមថ្លែងអំណរគុណចំពោះការយកចិត្ដទុកដាក់ស្ដាប់របស់ឯកឧត្ដម និង សហការី ។

                                   

សូមអរគុណ !

 

ទំព័រ​ទី 4 ​ទាំងអស់ 5 ទំព័រ