សៀមរាប,ថ្ងៃទី២៨ខែតុលាឆ្នាំ២០១២
-ឯកឧត្តមទ្រឿងហ្វាប៊ិញប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងគណៈប្រតិភូ
-ឯកឧត្តមខាំផាញ់ស៊ីធីដាំផាប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងគណៈប្រតិភូ
-ឯកឧត្តមលោកជំទាវលោកលោកស្រីសមាជិកសមាជិកានៃអង្គសន្និសីទទាំងមូល
អង្គសន្និសីទដែលមានរយៈពេល២ថ្ងៃនៅលើប្រធានបទ “កិច្ចសហប្រតិបត្តិការរវាងតុលាការនៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជាវៀតណាមឡាវស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន”បានបញ្ចប់ទៅនាពេលនេះដោយនាំមកនូវលទ្ធផលជាផ្លែផ្កាដ៏ល្អប្រសើរនោះគឺសេចក្តីប្រកាសរួមមួយដែលបានលេចចេញជារូបរាងឡើង។
សេចក្តីប្រកាសរួមដែលកើតចេញពីការពិភាក្សាយ៉ាងផុលផុសរបស់ឯកឧត្តមលោកជំទាវលោកលោកស្រីនេះគឺជាការឆ្លុះបញ្ចាំងអោយឃើញនូវការទទួលខុសត្រូវប្រកបដោយលក្ខណៈវិជ្ជាជីវៈខ្ពស់ក្នុងឋានៈយើងទាំងអស់គ្នាជាប្រធានស្ថាប័នផ្នែកតុលាការដែលក៏ជាស្ថាប័នមួយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៃបណ្តាប្រទេសទាំងបីក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែននៅក្នុងក្របខ័ណ្ឌនៃការអនុវត្តតួនាទីរបស់តុលាការ។
ការខិតខំប្រឹងប្រែងរបស់ឯកឧត្តមលោកជំទាវលោកលោកស្រីទាំងអស់គ្នាក៏ជាការចូលរួមចំណែកមួយយ៉ាងធំធេងនៅក្នុងការចូលរួមលើកស្ទួយការការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈនៃសង្គមជាតិរបស់យើងទាំងអស់គ្នាក៏ដូចជាការចូលរួមលើកស្ទួយផងដែរនូវស្ថេរភាពនយោបាយដែលជាកត្តាមួយដ៏ចាំបាច់ក្នុងការរក្សាបាននូវការលូតលាស់ផ្នែកវិនិយោគទុនបរទេសនិងសេដ្ឋកិច្ចជាតិទាំងមូល។
ឆ្លងតាមការស្តាប់នូវរបាយការណ៍អំពីលទ្ធផល និងបញ្ហាប្រឈមទាំងឡាយនៃសហប្រតិបត្តិការរវាងតុលាការបណ្តាខេត្តជាប់ព្រំដែននិងក្រោយពីបានស្តាប់ការលើកឡើងនូវចំណាប់អារម្មណ៍របស់ឯកឧត្តមប្រធានតុលាការប្រជាជនកំពូលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងឯកឧត្តមប្រធានតុលាការកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវខ្ញុំក៏សូមវាយតំលៃខ្ពស់និងកោតសរសើរនូវលទ្ឋផលល្អៗជាច្រើនដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងមន្រ្តីតុលាការរបស់យើងទាំងបីជាប់ព្រំដែននៅក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែនកន្លងមកហើយខ្ញុំក៏សូមកោតសរសើរដោយស្មោះស្ម័គ្រនូវស្មារតីសហប្រតិបត្តិការប្រកបដោយសាមគ្គីភាពមិត្តភាពចែករំលែកនិងជួយគ្នាទៅវិញទៅមករបស់ឯកឧត្តមលោកជំទាវលោកលោកស្រីដែលមានកន្លងមកនេះនិងសូមឲ្យបន្តថែរក្សានិងពង្រឹងកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀតដើម្បីសំរេចឲ្យបាននូវការប្តេជ្ញាចិត្តរបស់អង្គសន្និសីទនាថ្ងៃនេះនិងដើម្បីសុខសន្តិភាពចេរភាព និងវឌ្ឍនភាពនៃប្រទេសជាតិយើងទាំងបី។
ប៉ុន្តែទន្ទឹមនឹងនេះអង្គសន្និសីទក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនដែលកើតឡើងនៅជុំវិញបរិបទនៃកិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងបីដូចជាកង្វះខាតនូវសន្ធិសញ្ញាទ្វេភាគីនិងពហុភាគីស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ឋប្រឆាំងបទល្មើសការផ្ទេរប្រព័ន្ធច្បាប់ការចុះកិច្ចព្រមព្រៀងជួយគ្នាទៅវិញទៅមកក្នុងវិស័យច្បាប់ការខ្វះយន្តការទំនាក់ទំនងដោយផ្ទាល់និងអចិន្ត្រៃយ៍សំរាប់សម្របសម្រួលកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរនិងចែករំលែកនូវពត៌មាន ទៅវិញទៅមករវាងបណ្តាតុលាការខេត្តជាប់ព្រំដែនខ្ញុំមានជំនឿជឿជាក់ថាបញ្ហាខ្វះខាតទាំងនេះយើងខ្ញុំខិតខំដោះស្រាយជាបន្តបន្ទាប់នៅពេលខាងមុខ។
ឯកឧត្តមលោកជំទាវលោកលោកស្រី
ប្រទេសយើងទាំងបីកំពុងតែធ្វើដំណើរក្នុងផ្លូវត្រូវទាំងក្នុងវិស័យនយោបាយនិងសេដ្ឋកិច្ចដើម្បីឈានទៅទាញយកអត្ថប្រយោជន៍ជាអតិបរិមាពីយុគសម័យនៃសកលភាវូបនីយកម្មទាំងក្នុងតំបន់និងពិភពលោកនិងនៅពេលដែលបច្ចេកវិទ្យាវិទ្យាសាស្រ្តកាន់តែរីកចំរើនប៉ុន្តែទន្ទឹមនឹងអត្ថប្រយោជន៍ដែលយើងបាននឹងកំពុងទាញបានជាអតិបរមានេះហានិភ័យឬផលប៉ះពាល់ដល់សន្តិសុខនិងសណ្តាប់ធ្នាប់សង្គមនិងសេដ្ឋកិច្ចជាតិដែលកើតចេញពីបទល្មើសឆ្លងដែនក៏មានលក្ខណៈកាន់តែធំធេងដែរដែលទាមទារឲ្យយើងទាំងអស់គ្នាមានការប្រុងប្រយ័ត្ននិងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនឲ្យកាន់តែក្លាំងក្លានិងមានប្រសិទ្ធិភាពខ្ពស់ថែមទៀត។
ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះគណៈប្រតិភូនៃតុលាការកម្ពុជាសូមធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា តុលាការកម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាតុលាការជាប់ព្រំដែននៃប្រទេសទាំងបីដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមទាំងឡាយឈានទៅសំរេចឲ្យបាននូវគោលបំណងនៃសេចក្តីថ្លែងការណ៍រួមទាំងពីរលើករបស់អង្គសន្និសីទយើងនេះ។
ឯកឧត្តមលោកជំទាវលោកលោកស្រី
មុននឹងបញ្ចប់ខ្ញុំសូមឲ្យសមាជិក សមាជិកាយកចំណេះដឹងបទពិសោធន៍ពត៌មាននានានិងស្មារតីនៃអង្គសន្និសីទនេះយកទៅពិចារណាដើម្បីដាក់ចេញជាផែនការសកម្មភាពការងាររបស់បណ្តាតុលាការខេត្តជាប់ព្រំដែនក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនឲ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងនាមគណៈប្រតិភូកម្ពុជានិងក្នុងនាមខ្ញុំផ្ទាល់ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលផ្តល់នូវជំនួយសម្ភារៈជាកុំព្យូទ័រចំនួន២៣គ្រឿងនិងម៉ាស៊ីនថតចំលង ៣គ្រឿងដែលជាការបង្ហាញនូវទឹកចិត្តមិត្តភាពជាបងប្អូននិងជាអ្នកជិតខាងល្អ។ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះឯកឧត្តមលោកជំទាវលោកលោកស្រីដែលបានអញ្ជើញចូលរួមក្នុងអង្គសន្និសីទនេះនិងសូមថ្លែងអំណរគុណដល់គណៈកម្មការដែលបានខិតខំរៀបចំអង្គសន្និសីទនេះឲ្យបានប្រព្រឹត្តទៅដោយរលូននិងមានលទ្ធផលជាផ្លែផ្កានាថ្ងៃនេះ។
ជាទីបញ្ចប់ខ្ញុំសូមគោរពជូនពរឯកឧត្តមប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងគណៈប្រតិភូឯកឧត្តមប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងគណៈប្រតិភូឯកឧត្តមលោកជំទាវលោកលោកស្រីចៅក្រមព្រះរាជអាជ្ញាមន្ត្រីតុលាការភ្ញៀវជាតិដែលមានវត្តមាននៅទីនេះសូមប្រកបដោយសេចក្តីសុខសុខភាពល្អនិងជ័យជំនះគ្រប់ភារកិច្ច។
ខ្ញុំសូមប្រកាសបិទអង្គសន្និសីទចាប់ពីពេលនេះតទៅ។