ព័ត៌មានថ្មីបំផុត / Latest News

ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូល អញ្ជើញជាគណៈធិបតីបើកសិក្ខាសាលាស្ដីពី “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងការគ្រប់គ្រងទ្រព្យសម្បតិ្តរដ្ឋ”

នាព្រឹកថ្ងៃសៅរិ៍ ១០រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូល និងជាប្រធានក្រុមការងារកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល អញ្ជើញជា​គណៈ​​ធិបតីបើកសិក្ខាសាលាស្ដីពី “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងការគ្រប់គ្រងទ្រព្យសម្បតិ្តរដ្ឋ” ។

1

ឯកឧត្តម ជីវ កេង ចាត់ទុកអង្គសិក្ខាសាលា ដែលសហការរៀបចំ ដោយក្រុមការងារកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈតុលាការកំពូល និងគណៈកម្មាធិការការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិតជាសំខាន់សម្រាប់សិក្ខាកាមទាំងអស់ក្នុងគោលបំណង ៖
• បង្កើនការយល់ដឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព ផលិតភាព និរន្ដរភាព អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ។
• បង្កើនការយល់ដឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ការបង់ចំណូល ការកត់ត្រាចំណូលដែលប្រមូលបាន ការផ្ទេរចំណូលថវិកាជាតិយ៉ាងមានប្រសិទ្ធភាព គណនេយ្យភាព និងជំរុញការរៀបចំសលកបត្របង់ចំណូលឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ។
• ជាពិសេស ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា មកធ្វើជាឧបករណ៍គ្រប់គ្រងការងារផ្សេងៗ ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ ដូចជាការគ្រប់គ្រងចំណូល ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងថវិកា ការពិនិត្យរបាយការណ៍ ។ល។ គឺជាការចាំបាច់ និងសំខាន់ដែលអាចផ្ដល់នូវអត្ថប្រយោជន៍ និងតម្លៃបន្ថែមដល់យើង ។

2

3

4