Latest News / ព័ត៌មានថ្មីបំផុត

គណៈប្រតិភូតុលាការកំពូលប្រជាជនវៀតណាម បានធ្វើដំណើរទស្សនកិច្ចជាផ្លួវការដែលដឹកនាំដោយ ឯកឧត្តម ដាំង គ័ងហ្វឿង អនុប្រធានតុលាការកំពូល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី ១៥-១៩ ខែសីហា ឆ្នាំ ២០១២

កាលពីថ្ងៃទី ១៥-១៩ ខែសីហា ឆ្នាំ ២០១២ គណៈប្រតិភូតុលាការកំពូលប្រជាជនវៀតណាម បានធ្វើដំណើរទស្សនកិច្ចជាផ្លួវការដែលដឹកនាំដោយ ឯកឧត្តម ដាំង គ័ងហ្វឿង អនុប្រធានតុលាការកំពូល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ។​ នៅព្រឹកថ្ងៃទី​ ១៦ ខែសីហា ឆ្នាំ ២០១២ ឯកឧត្តម គង់ ស្រ៊ីម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម   ឌិត មុន្ទី ប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាជាមួយ​​​​ គណៈប្រតិភូតុលាការកំពូលប្រជាជនវៀតណាម ដើម្បីពិភាក្សាអំពី គំរោងរៀបចំធ្វើ​សន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម និងឡាវ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងកម្ពុជា និងវៀតណាម ដើម្បីឲ្យកាន់តែប្រសើរឡើង។ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម ជាពិសេសដំណើរទស្សនកិច្ចនេះឯកឧត្តមសង្ឃឹមថាបានផ្តល់នូវការរួមចំណែក និងបទពិសោធន៍ជា ច្រើនដល់ការកែរទម្រង់ប្រព័ន្ធតុលាការកម្ពុជា ។

ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ដាំង គ័ងហ្វឿង អនុប្រធានតុលាការកំពូលនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាម នៅព្រឹកនោះដែរ ឯកឧត្តម គង់ ស្រ៊ីម អនុប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីប្រទេសកម្ពុជាបានបង្រួបបង្រួមជាតិនៅឆ្នាំ ១៩៩២ មកកម្ពុជាបានបង្កើតបានរដ្ឋធម្មនុញ្ញថ្មីនៅឆ្នាំ ១៩៩៣ ហើយរាជរដ្ឋាភិបាលកម្ពុជាថ្មី ក៏ត្រូវបានបង្កើតឡើងតាមរយៈរដ្ឋធម្មនុញ្ញនេះ កម្ពុជាបានរៀបចំកែលំអរលើគ្រប់វិស័យក្នុងនោះ ផ្នែកតុលាការ ក៏ត្រូវបានកែលំអរផងដែរ តាមច្បាប់ស្តីពីការចាត់តាំង និងសកម្មភាពរបស់សាលាជំនុំជម្រះក្តី ១៩៩៣ តុលាការកម្ពុជាមាន តុលាការខេត្តក្រុង តុលាការយោធា សាលាឧទ្ធរណ៍ និងតុលាការកំពូល ។ ក្រៅពីនេះ កម្ពុជាបានបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សំរាប់កាត់ទោសមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃ របបកម្ពុជាប្រជាធិបតេយ្យរបបខ្មែរក្រហម បច្ចុប្បន្នប្រទេសកម្ពុជាមានចៅក្រម និងព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ៤១២ នាក់ដែលសុទ្ធតែត្រូវបានបង្កើនសមត្ថភាព និងគុណភាពតាមរយៈការបណ្តុះបណ្តាល នៅក្នុងសិក្ខាសាលានៅបរទេស និងនៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ​ ចំណេះដឹងនេះនៅមិនទាន់ឆ្លើយតបសមស្រប ទៅនឹងការវិវឌ្ឍន៏ដ៏ជឿនលឿន ផ្នែកសេដ្ឋកិច្ច និងប្រព័ន្ធព័ត៌មានវិទ្យានៅឡើយ ។ ឯកឧត្តម គង់ ស្រ៊ីម បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ដាំង គ័ងហ្វឿង និងគណៈប្រតិភូនៅកម្ពុជា នៅពេលនេះគឺជាការឆ្លុះបញ្ជាំងនៅប្រវត្តិសាស្រ្ត ថ្មីមួយទៀតសម្រាប់ពង្រឹង កិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងតុលាការរ។

នៅរសៀលថ្ងៃដដែលនេះដែរ ឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតិឲ្យ ឯកឧត្តម ដាំង គ័ងហ្វឿង អនុប្រធានតុលាការកំពូលប្រជាជនវៀតណាម និងគណៈប្រតិភូចូលជួបសំណេះសំណាល និងសំដែងការគួរសម នៅតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១២​ គណៈប្រតិភូតុលាការកំពូលប្រជាជនវៀតណាម ដែលដឹកនាំដោយឯកឧត្តម ដាំង គ័ងហ្វឿង​ អនុប្រធានតុលាការកំពូលប្រជាជនវៀតណាម បានធ្វើដំណើរទស្សនកិច្ចនៅសាលាដំបូង ខេត្តកណ្តាលដើម្បីធ្វើការស្វែងយល់កិច្ចការងារ ពីសាលាដំបូងខេត្តកណ្តាល លោក អិន វ៉ាន   វិបុល ប្រធានសាលាដំបូងខេត្តកណ្តាល បានបញ្ជាក់ជូនដល់ប្រតិភូ តុលាការកំពូលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយ ឯកឧត្តម ដាំង គ័ងហ្វឿង អនុប្រធានតុលាការប្រជាជនកំពូលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមថា សាលាដំបូងខេត្តកណ្តាលមានប្រធាន ១រូប អនុប្រធាន ២រូប និង​ចៅក្រមចំនួន ៨រូប ព្រះរាជអាជ្ញា ១រូប ព្រះរាជអាជា្ញរងចំនួន ៦រូប ក្រឡាបញ្ជីមានចំនួន ៣៧រូប និងបុគ្គលិកជាប់កិច្ចសន្យា ១៤រូប សាលាដំបូងខេត្តកណ្តាល ទទួលបណ្តឹងបរិហា និងបណ្តឹងទាមទារ ពីតំណាងអយ្យការ ពីប្រជាពលរដ្ឋផ្ទាល់ និងពីសា្ថប័នផ្សេងៗ ដែលច្បាប់បានកំណត់ ។ បន្ទាប់ពីទស្សនកិច្ចនៅតំបន់មួយចំនួន ក្នុងទីក្រុងភ្នំពេញ និងជួបពិភាក្សាការងារ មួយចំនួនជាមួយថ្នាក់ដឹកនាំតុលាការកំពួលនៃព្រះរាជាណាចក្រកម្ពុជា ប្រតិភូតុលាការប្រជាជនកំពូលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្តម ដាំង គ័ងហ្វឿង អនុប្រធានតុលាការប្រជាជនកំពូលវៀតណាម បានធ្វើដំណើរចេញពីទីក្រុងភ្នំពេញ តាមជើងយន្តហោះ ឆ្ពោះទៅកាន់ខេត្តសៀមរាប ទស្សនាប្រាង្គប្រាសាទមួយចំនួន មុននឹងធ្វើដំណើរនិវត្តន៍ ទៅកាន់សាធារណៈរដ្ឋសង្គមនិយមវៀតណាមវិញ ។ សូមបញ្ជាក់ថា ប្រតិភូតុលាការប្រជាជនកំពូលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្តម ដាំង គ័ងហ្វឿង អនុប្រធាន តុលាការប្រជាជនកំពូលវៀតណាម បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១២ ដំណើទស្សនកិច្ចរបស់ ឯកឧត្តម ដាំង គ័ងហ្វឿង និងគណៈប្រតិភូ នៅកម្ពុជានេះគឺជាការឆ្លុះបញ្ចាំងនូវប្រវត្តិសាស្រ្តថ្មីមួយទៀត សំរាប់ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យច្បាប់ និងតុលាការវវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម ជាពិសេសដំណើរទស្សនកិច្ចនេះពិតជាផ្តល់នូវការរួមចំណែក និងបទពិសោធន៏ជាច្រើនដល់ការកែទម្រង់ប្រព័ន្ធតុលាការកម្ពុជា ៕