តុលាការកំពូល និង មហាអយ្យការ                                                                                        
                                                                                     
Supreme Court and General Prosecution
 
                                                                                   

18

   សូមគោរពឯកឧត្តមឧត្តមសេនីយ៍ឯកខេងសាមេធអគ្គស្នងការរងនៃអគ្គស្នងការដ្ឋានទីបញ្ជាការស្រាលនគរបាលជាតិប្រចាំយោធភូមិភាគទី៤ថ្ងៃនេះខ្ញុំមានកិត្តិយសនិងសេចក្តីរីករាយជាអនេកដោយបានដឹកនាំគណៈប្រតិភូតុលាការមកសួរសុខទុក្ខនិងសំដែងនូវមនោសញ្ចេតនាសាមគ្គីភាពជាមួយបងប្អូនយោធានគរបាលកងអង្គរក្សយើងដែលកំពុងឈរជើងយ៉ាងក្រាញននៀលក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅសមរភូមិតំបន់ប្រាសាទព្រះវិហានេះ។

                  ជាបឋមតាងនាមឲ្យគណៈប្រតិភូទាំងមូលខ្ញុំសូមសំដែងនូវការគោរពវិញាណខ័ន្តបុព្វបុរសនិងយុទ្ធជនយើងដែលបានពលីក្នុងបុព្វហេតុការពារជាតិនិងបូរណភាពទឹកដីកម្ពុជា។ឆ្លៀតក្នុងឱកាសនេះដែរខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះស្មារតីសេ្នហាជាតិប្រកបដោយការតស៊ូយ៉ាងមោះមុតពុះពារនូវការលំបាកនិងឧបសគ្គគ្រប់បែបយ៉ាងរបស់បងប្អូនយោធានគរបាលនិងកងអង្គរក្សដើម្បីការពារទឹកដីប្រឆាំងនិងបរទេសឈ្លានពាន។ខ្ញុំក៏មិនភ្លេចនិងសម្តែងនូវការកោតសរសើរចំពោះមេបញ្ជាការទាំងអស់ដែលបានដឹកនាំបញ្ជាប្រកបដោយការអត់ធ្មត់តែម៉ឺងម៉ាត់មិនអនុញ្ញាតឲ្យកំលាំងឈ្លានពានរំលោភកាន់កាប់ទឹកដីយើងសូម្បី០១ចង្អាមក៏មិនបានផង។បងប្អូនយោធិននគរបាលជាទីគោរពរាប់អានពិតមែនតែបងប្អូនកំពុងតែឈរជើងក្រាញននៀលនៅតំបន់ព្រៃភ្នំក្រមថ្មដាច់ស្រយាលប៉ុន្តែបងប្អូនមិនឯកកោទេប្រជាជនកម្ពុជាទូទាំងប្រទេសទាំងចាស់ទាំងក្មេងទាំងប្រុសទាំងស្រីតែងនឹកមមៃមកដល់បងប្អូនជានិច្ចជាកាល។ជាក់ស្តែងបងប្អូនបានទទួលគណៈប្រតិភូជាច្រើនហូរហែរបន្តបន្ទាប់ហើយដំណើរចុះមកសួរសុខទុក្ខរបស់គណៈប្រតិភូតុលាការនៅពេលនេះគឺជាការបង្ហាញនូវការយកចិត្តទុកដាក់និងជាការផ្សាភ្ជាប់នូវមនោសញ្ចេតនាគិតគូពីសំណាក់សមរភូមិក្រោយដល់បងប្អូនយោធានគរបាលនិងមេបញ្ជាការនៅសមរភូមិជួរមុខដែរ។ជាពិសេសទៅទៀតសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុនសែននិងលោកជំទាវតែងតែនឹករលឹក​ និងអាណិតអាសូរគិតគូរដល់សុខទុក្ខកងទ័ពនគរបាលដែលកំពុងឈរជើងនៅតាមព្រំដែន។សម្តេចថែមទាំងបានប្រកាសជាឱឡារិកនូវយុទ្ធសាស្រ្ត០៣កម្មវិធីសកម្មភាព១០ដែលមានខ្លឹមសារសំខាន់គឺប្រែក្លាយសមរភូមិប្រយុទ្ធអោយទៅជាតំបន់អភិវឌ្ឍន៍និងទេសចរណ៍ប្រែក្លាយតំបន់ព្រំដែនអោយទៅជាព្រំដែនមិត្តភាពសន្តិភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍ហើយនិងបែងចែកពលកម្មសង្គមអោយបានល្អ។ជាងនេះទៅទៀតផ្លូវដែលពីមុនជាផ្លូវខ្លាផ្លូវដំរីឥឡូវនេះក្លាយជាផ្លូវចាក់កៅស៊ូបេតុងភ្ជាប់ពីតំបន់មួយទៅតំបន់មួយបង្កអោយមានការងាយស្រួលក្នុងការដឹកជញ្ជូនរបស់កងទ័ពក៏ដូចជាការងាយស្រួលក្នុងការដឹកជញ្ជូនផលិតផលកសិកម្មនាពេលអនាគតខាងមុខហើយក៏កំពុងតែកសាងជាច្រើនខ្សែបន្តទៀត។អគារដ៏ថ្មីស្រឡាងផ្ទះសម្រាប់គ្រួសារយុទ្ធជនជាច្រើនខ្នងកម្មវិធីទឹកស្អាតជីកស្រះអណ្តូងទឹកកំពុងដំណើរការយ៉ាងមមារញឹកទាំងនេះគឺជាការផ្តួចផ្តើមនិងជាស្នាដៃរបស់សម្តេចតេជោ។មិនតែប៉ុណ្ណោះសម្តេចថែមទាំងប្រកាសផ្សព្វផ្សាយសេចក្តីថ្លែងការស្តីពីគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ចជូនដល់កងកំលាំងប្រដាប់អាវុធនិងគ្រួសារទៀតផង។គោលនយោបាយនេះសំដៅបែងចែកកំលាំងពលកម្មឡើងវិញដោយផ្ទេរកំលាំងដែលមិនបានចូលរួមផ្ទាល់ក្នុងការផលិតអោយទៅជាកំលាំងផលិតផលពិតៗដែលជាការផ្តល់ឱកាសអោយអ្នកទាំងនោះមានដីធ្លីសម្រាប់ប្រកបរបរចិញ្ចឹមជីវិតផ្គត់ផ្គង់គ្រួសារផង ​និងអាចចូលរួមវិភាគទានក្នុងការអភិវឌ្ឍន៍ប្រទេសជាតិផង។

                  សម្តេចតេជោក៏បានផ្តួចផ្តើមគំនិតទាក់ទងនិងការចងសម្ព័ន្ធភាពរវាងកងទ័ពកងនគរបាលជាមួយអង្គភាពស៊ីវិលរបស់រដ្ឋនិងផ្នែកឯកជនដើម្បីរួមចំណែកក្នុងការការពារជាតិក្រោមពាក្យស្លោក“ការពារជាតិដើម្បីទាំងអស់គ្នាទាំងអស់គ្នាដើម្បីការពារជាតិ“។

                  សន្តិភាពនិងសេរីភាពគឺជាធាតុផ្សំដ៏សំខាន់នៃយុទ្ធសាស្រ្តឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលធ្វើអោយសម្រេចបាននូវការឯកភាពទឹកដីយ៉ាងពេញលេញរហូតដល់សព្វថ្ងៃនេះ។ជាការច្បាស់ណាស់ថាបើគ្មានសុខសន្តិភាពស្ថេរភាពទេពិតជាគ្មានការរីកចំរើននិងការអភិវឌ្ឍន៍ឡើយ។ជាក់ស្តែងដោយការពង្រឹងបាននូវស្ថេរភាពសុខសន្តិភាពការបង្រួបបង្រួមជាតិលទ្ធិប្រជាធិបតេយ្យការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់មនុស្សទើបធ្វើអោយកម្ពុជាសម្រេចបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចមួយខ្ពស់គួរជាទីមោទនៈនិងទទួលបាននូវទំនុកចិត្តទាំងក្នុងមជ្ឈដ្ឋានជាតិនិងអន្តរជាតិនិងត្រៀមលក្ខណៈជាស្រេចដើម្បីធ្វើដំណើរឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់។

                  យើងទាំងអស់គ្នាពិតជាមានសំណាងណាស់ដែលបានកើតមកក្នុងជំនាន់តេជោសែនដែលជារដ្ឋបុរសដ៏ឆ្នើមប្រសូតចេញពីគ្រួសារកសិកររួមសុខទុក្ខជានិច្ចជាកាលជាមួយប្រជាជនជាមួយកងទ័ពសម្តេចជាអ្នកយុទ្ធសាស្រ្តដ៏វាងវៃដោះស្រាយបានបញ្ហាលំបាកទាំងអស់ដែលកម្ពុជាជួបប្រទះ។

                  បើពិនិត្យអំពីទឹកដីពង្សសាវតាវប្បធម៌អរិយធម៌យើងរិតតែមានមោទនភាពខ្លាំងឡើងដែលបានកើតមកជាខ្មែរពីព្រោះថា៖

                  ១-បុព្វបុរសខ្មែរបានបង្កើតនូវសិល្បៈរបាំក្បាច់បូរាណខ្មែរល្អឥតខ្ជោះស្ថាបនាប្រាង្គប្រាសាទធំៗជាច្រើនរាប់ពាន់ប្រកបដោយក្បាច់រចនាដ៏ល្អប្រណិតដែលអាចចាត់ទុកបានថាជាដួងព្រលឹងជាតិជាអត្តសញាណជាតិជាប្រភពនៃការឯកភាពជាតិនិងជាគ្រឹះសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រកបដោយនិរន្តភាព។ដោយឡែកប្រាសាទព្រះវិហារសាងសង់លើភ្នំដងរែកសំរាប់ឧទិ្ទសដល់អាទិទេពព្រហ្មមញ្ញសាសនាជាស្នាដៃឯកនៃស្ថាបត្យកម្មខ្មែរដែលមានប្លង់និងក្បាច់រចនាដ៏ល្អឥតខ្ចោះផ្សាភ្ជាប់ជាមួយនិងទេសភាពបរិស្ថានដ៏ស្រស់បំព្រង។ដោយសារបែបនេះហើយទើបប្រាសាទព្រះវិហារបានក្លាយទៅជាបេតិកភណ្ឌពិភពលោកនាថ្ងៃទី០៧ខែកក្កដាឆ្នាំ២០០៨។

                  ២-បើនិយាយអំពីធម្មជាតិនៃទឹកដីខ្មែរយើងមានអំណោយផលល្អណាស់ដូចជា៖

                  -ភ្នំមិនខ្ពស់ពេកហើយក៏មិនមែនជាភ្នំរិចរឹលឥតមានដើមឈើទឹកទន្លេហូរមិនខ្លាំងពេកធាតុអាកាសល្អមិនក្តៅខ្លាំងឬត្រជាក់ពេករហូតដល់ធា្លក់ទឹកកកគ្មានការរញ្ជួយផែនដីឬផ្ទុះភ្នំភ្លើង។ផ្ទុយទៅវិញផ្ទៃដីស្រុកខ្មែរពោរពេញទៅដោយភាពមនោរម្យរំលេចដោយសម្បត្តិវប្បធម៌ដ៏ល្អប្រណិតជាវប្បធម៌ដែលនាំអោយមនុស្សខ្មែរស្លូតបូតសុភាពរាបសារចេះអាណិតអាសូរមិនបង្កទំនាស់ហេតុនេះយើងទាំងអស់គ្នាដែលកើតជាខែ្មរត្រូវតែថែរក្សាទឹកដីវប្បធម៌អោយគង់វង្សនិងអភិវឌ្ឍន៍មាតុភូមិខ្មែរអោយរុងរឿងទើបសមជាកុលបុត្រកុលធីតាខ្មែរ។ក្នុងពេលសន្តិភាពមនោសញ្ចេតនាសេ្នហាជាតិហាក់ដូចជាលេចបាត់ទៅក្នុងភាពស្ងៀមស្ងាត់សូម្បីតែនៅក្នុងសង្រ្គាមរាំរ៉ៃជាច្រើនទសវត្សដែលប្រទេសយើងបានឆ្លងកាត់ក៏ចលនាស្នេហាជាតិមិនមានភាពសន្ធោសន្ធៅដែរពីព្រោះជាសង្រ្គាមស៊ីវិលជាសង្រ្គាមសម្លាប់តែខ្មែរគ្នាឯងមានកងទ័ពពីរបីបួនភាគី។ប៉ុន្តែចាប់តាំងពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០០៨ដែលបរទេសឈ្លានពានប្រាសាទព្រះវិហារមនោសញ្ចេតនាការពារជាតិបានផុសឡើងយ៉ាងពុះកញ្រ្ជោលនៅក្នុងសតិសម្បជញ្ញរបស់កូនខ្មែរគ្រប់ៗរូបមិនថាក្មេងចាស់ប្រុសស្រីហើយបង្កើតបានជាមហាចលនាគាំទ្ររាជរដ្ឋាភិបាលនិងឧបត្ថម្ភកងទ័ពសមរភូមិមុខដ៏ផុលផុស។នេះជាការសំដែងនូវការឯកភាពជាតិតែមួយក្រោមបាវចនា“ជាតិសាសនាព្រះមហាក្សត្រ“។

                  តាមរបាយការណ៍សង្ខេបរបស់លោកឧត្តមសេនីយ៍ឯកខេងសាមេធឃើញថាគណៈបញ្ជាការបានខិតខំប្រឹងប្រែងគ្រប់គ្រងសភាពការបានយ៉ាងល្អអនុវត្តបានខ្ជាប់ខ្ជួននូវបទបញ្ជានិងអនុសាសន៍របស់សម្តេចតេជោដ៏មានប្រសិទ្ធិភាពព្រមទាំងយកអស់ស្មារតីទទួលខុសត្រូវខ្ពស់កសាងពង្រឹងប្រៀបការពារយ៉ាងរឹងមាំដោយបានធ្វើការកែសម្រួលភូមិសាស្ត្រចំណុចឈរជើងរបស់បណ្តាអង្គភាពអោយសមស្របតាមយុទ្ធសាស្រ្តនិងយុទ្ធវិធីដើម្បីធានាអន្តរាគមន៍បានទាន់ពេលវេលារៀបចំបំពាក់យុទ្ធភ័ន្ធគ្រប់ប្រភេទធានាអោយការប្រយុទ្ធត្រៀមប្រយុទ្ធជានិច្ចគួបផ្សំនិងទឹកចិត្តដ៏អង់អាចក្លាហានមនសិការសេ្នហាជាតិហ៊ានលះបង់គ្រប់បែបយ៉ាងនិងបទពិសោធន៍ក្នុងសង្គ្រាមមិនថាសង្គ្រាមរណៈសិរ្សឬសង្រ្គាមទ័ពព្រៃរបស់បងប្អូនយុទ្ធជនយើងជឿជាក់ថាបងប្អូនយុទ្ធជនអាចការពារបូរណភាពទឹកដីរបស់យើងបានដោយប្រសិទ្ធភាពនិងឈានទៅកសាងតំបន់នេះអោយក្លាយទៅជាព្រំដែនមិត្តភាពសេ្ថរភាពនិងសហប្រត្តិបត្តិការណ៍ជាមិនខាន។

                  បច្ចុប្បន្ននេះជម្លោះព្រំដែនដែលទាហានថៃបានបង្កឡើងនៅតំបន់ប្រាសាទព្រះវិហារនិងតំបន់មួយចំនួនទៀតរយៈពេលជិត០៣ឆ្នាំកន្លងមកមានភាពធូរស្រាលក្រោយពីប្រទេសថៃមានរដ្ឋាភិបាលថ្មី។ស្ថានការតាមព្រំដែនបានវិលមករកភាពស្ងប់ស្ងាត់វិញទំនាក់ទំនងរវាងយោធាទាំងពីរប្រទេសពិសេសនៅតំបន់ព្រំដែនមានភាពប្រសើរឡើងជីវភាពប្រជាជនក៏បានវិលមករកភាពប្រក្រតីវិញដែរហើយយន្តការដោះស្រាយបញ្ហាព្រំដែនក៏កំពុងជំរុញប្រកបដោយភាពវិជ្ជមាន។ប៉ុន្តែទោះបីសភាពការណ៍ធូរស្រាលយ៉ាងនេះក្តីយើងមិនត្រូវឋិតក្នុងសន្តិភាពនិយមបាត់បង់ការប្រុងប្រយ័ត្នទេពីព្រោះការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃនៅតែមានភាពតឹងតែងស្មុកស្មាញនិងយូរអង្វែងអាស្រ័យដោយក្រុមអ្នកនយោបាយជ្រុលនិយមថៃមួយចំនួនបង្កឧបសគ្គនិងចិញ្ចឹមចិត្តប្រទូសរ៉ាយជាមួយកម្ពុជាអនុវត្តនយោបាយមហាថៃឈ្លានពានដណ្តើមទឹកដីកម្ពុជា។

                  ដូចនេះកងកំលាំងប្រដាប់អាវុធកម្ពុជាត្រូវត្រៀមលក្ខណៈប្រយុទ្ធជានិច្ចដោយឥតធ្វេសប្រហែល។

                  ការរៀបចំរបស់យើងមិនមែនដើម្បីច្បាំងដណ្តើមទឹកដីប្រទេសណាទេតែយើងរៀបចំដើម្បីទប់ទល់នឹងការឈ្លាពានគ្រប់គ្រងទ្រងទ្រាយគ្រប់រូបភាពទាំងការចរចារទាំងផ្លូវច្បាប់ទាំងយោធាក្នុងករណីចាំបាច់ដែលបង្ខំអោយយើងត្រូវតែទទួលដូចដែលយើងប្តេជ្ញាចិត្តរួចមកហើយថាយើងមិនរំលោភយកទឹកដីគេសូម្បី០១មីលីម៉ែត្រហើយក៏មិនអនុញ្ញាតអោយគេឈ្លានពានទឹកដីយើង០១មីលីម៉ែត្រដែរហើយសូមរក្សាត្រឹមតែសិទ្ធិការពារទឹកដីរបស់យើងអោយគង់វង្សតែប៉ុណ្ណោះ។

                  ជាថ្មីម្តងទៀតតាងនាមគណៈប្រតិភូនៃតុលាការទូទាំងប្រទេសខ្ញុំសូមសំដែងនូវការកោតសរសើរចំពោះយុទ្ធជនដែលកំពុងឈរជើងនៅទិសផ្សេងៗទៀតតាមបណ្តោយព្រំដែនខាងលិច។

                  នៅទីបញ្ចប់នេះខ្ញុំសូមប្រសិទ្ធិពរដល់បងប្អូនយុទ្ធជននិងលោកមេបញ្ជាការទាំងអស់សូមអោយប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃា្លងឃ្លាតឡើយ។

                  សូមជូនពរដល់ឯកឧត្តមលោកជំទាវអស់លោកលោកស្រីដែលមានវត្តមាននៅពេលនេះសូមអោយជួបជួបតែនឹងសេចក្តីសុខសេចក្តីចំរើនជារៀងដរាបតទៅ។

                  សូមអគុណ!

 

ទំព័រ​ទី 3 ​ទាំងអស់ 5 ទំព័រ