តុលាការកំពូល និង មហាអយ្យការ                                                                                        
                                                                                     
Supreme Court and General Prosecution
 
                                                                                   

19

តុលាការកំពូលថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១១

សូមគោរព

-       ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ និង អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍

-       លោកប្រធាន និង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និង ខេត្តកណ្តាល

-       លោកហ្វ្លីន ហ្វូលល័រ(​Flynn Fuller) នាយកបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បី អភិវឌ្ឍន៍អន្តរជាតិ(USAID)

-       លោកតំណាងគំរោងជំនួយយុត្តិធម៌ព្រហ្មទណ្ឌនៅកម្ពុជា(CCJAP)

-       លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញា និង មន្ត្រីរាជការតុលាការកំពូល

ជាបឋមសូមអនុញ្ញាត្តឲ្យខ្ញុំសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅយ៉ាងស្មោះស្ម័គ្រចំពោះវត្តមានរបស់​ ឯកឧត្តមលោកលោកស្រីក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ និងផ្សព្វផ្សាយ សាលដីការបស់តុលាការកំពូល ដែល បានចងក្រងជា DVD-ROM តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប។

ខ្ញុំសូមជម្រាបជូនឯកឧត្តម លោក លោកស្រីជ្រាបថា ជារៀងរាល់ឆមាសនៃឆ្នាំ តុលាការកំពូលបាន បោះពុម្ពសាលដីការបស់ខ្លួនជាលក្ខណៈសៀវភៅ ហៅថា​ “ ព្រឹតិបត្តិសាលដីកាតុលាការកំពូល”ដើម្បីចែកជូនដល់ សាលាជម្រះក្តី និង អយ្យការគ្រប់ជាន់ថ្នាក់ និង ចែកជូនដល់ស្ថាប័នផ្សេងៗផងដែរ សម្រាប់ជាការផ្សព្វផ្សាយផង និង សិក្សាស្រាវជ្រាវផង។

ក៏ប៉ុន្តែបច្ចុប្បន្ននេះបច្ចេកវិទ្យាថ្មីត្រូវបានយកមកប្រើប្រាស់ក្នុងគ្រប់សកម្មភាពនៃការងារទាំងអស់របស់មនុស្សហេតុនេះហើយបច្ចេកវិទ្យាថ្មីក៏ត្រូវបានយកមកប្រើប្រាស់ក្នុងវិស័យយុត្តាធិការដែរពីព្រោះជាការងាយស្រួលអាចកាត់បន្ថយនូវការចំណាយពេលវេលានិងសំភារៈ។

តុលាការកំពូលក៏មានគំរោងនិងផ្តល់ឲ្យចៅក្រមនិងមន្រ្តីរបស់ខ្លួននូវបរិថានថ្មីមួយតាមរយៈបច្ចេកវិទ្យាថ្មីយើងនឹងបង្កើតនូវកម្មវិធីគ្រប់គ្រងសំណុំរឿងនិងឯកសារតាមមយ្យោបាយអេឡិចត្រូនិចដែលនឹងលុបបំបាត់នូវការបញ្ចូនសំណុំរឿងក្រោមរូបភាពជាក្រដាសកាត់បន្ថយជាអតិបរិមាការជួបគ្នាដោយផ្ទាល់បង្កើននូវការត្រួតពិនិត្យនិងសុវត្ថិភាព។

បរិថានថ្មីនេះនឹងធ្វើឲ្យការងាររបស់ចៅក្រមកាន់តែងាយស្រួលនិងកាន់តែប្រសើមានតម្លាភាពបង្កើននូវការជំនុំជម្រះប្រកបដោយយុត្តិធម៌។យើងនឹងខិតខំស្វែងរកដៃគូអភិវឌ្ឍន៍ដើម្បីធ្វើឲ្យសម្រេចនូវគំរោងនេះ។ពេលនេះ សាលដីការបស់តុលាការកំពូល ត្រូវបានចងក្រងជា DVD-ROM ដែលមានលក្ខណៈជាបច្ចេកវិទ្យាទំនើប ដោយមានកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានបូព៌ា-បច្ចឹមរបស់សហរដ្ឋអាមេរិក(EWMI-USAID) ។

ក្នុងនាមតុលាការកំពូល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភគាំទ្រពីសំណាក់ដៃ គូអភិវឌ្ឍន៍នេះ។

            ឆ្លៀតក្នុងឧិកាសនេះ ខ្ញុំសូមជម្រាបជូនអង្គពិធីជ្រាបថា កន្លងមក វិទ្យាស្ថានបូព៌ា-បច្ចឹម របស់សហរដ្ឋ អាមេរិក(EWMI) ធ្លាប់មានកិច្ចសហប្រតិបត្តិការជាមួយតុលាការកំពូល ដូចជា៖បានជួយផ្តល់យោបល់ក្នុងការ រៀបចំក្រមសីលធម៌សម្រាប់ចៅក្រម និង ជួយផ្សព្វផ្សាយក្រមសីលធម៌នេះដល់សិស្សចៅក្រម ក៍ដូចជាចៅក្រម កំពុងបំពេញមុខងារនៅតាមសាលាជម្រះក្តីជាដើម តាមរយៈការបណ្តុះបណ្តាលនៅរាជបណ្ឌិតសភាវិជ្ជាជីវតុលាការ ។

            ប៉ុន្តែអ្វីដែលយើងធ្វើការកត់សម្គាល់នាពេលនេះ គឺការចងក្រងសាលដីការបស់តុលាការកំពូលជាលក្ខណៈ DVD-ROM ដែលជាបច្ចេកវិទ្យាទំនើប និងកាន់តែធ្វើឲ្យមានភាពងាយស្រួលដល់អ្នកចាប់អារម្មណ៍ក្នុងការសិក្សា ស្រាវជ្រាវលើវិស័យច្បាប់។ នៅក្នុង DVD-ROM នេះ ជាជំហានទី១ យើងបានដាក់បញ្ចូលនូវសាលដីកាដែល តុលាការកំពូលដែលមានពីឆ្នាំ ១៩៩៦ ដល់ ឆ្នាំ ២០០៦ ។ ជំហានបន្ទាប់ តុលាការកំពូលនឹងបន្តសហការជាមួយដៃគូអភិវឌ្ឍន៍របស់យើងដើម្បីរៀបចំកិច្ចការនេះបន្តទៀត។

            នាពេលនេះ ខ្ញុំសូមទាញអារម្មណ៍អង្គពិធីទាំងមូលឲ្យធ្វើការចាប់អារម្មណ៍អំពីសារៈសំខាន់នៃការបោះពុម្ព នេះថា សាលដីការបស់តុលាការកំពូល ត្រូវបានសរសេរ ឬ តាក់តែងឡើង ដែលក្នុងនោះមានសរសេរ អង្គហេតុនៃ រឿងក្តី សេចក្តីសម្រេចរបស់សាលាដំបូង និង សំអាងហេតុរបស់ខ្លួន សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ និង សំអាងហេតុរបស់ខ្លួន និង សេចក្តីសម្រេចរបស់តុលាការកំពូល និង សំអាងហេតុរបស់ខ្លួន ដែលធ្វើឲ្យអ្នកអាន សាលដីកាទាំងមូលបានយល់ជ្រាបអំពីថាហេតុអ្វីបានជាតុលាការសម្រេចដូច្នោះ។

ឆ្លៀតក្នុងឧិកាសនេះ ខ្ញុំសូមរំលឹកដល់ចៅក្រម និង​ព្រះរាជអាជ្ញាថា សំអាងហេតុនៃសេចក្តីសម្រេច ឬ សេចក្តីសន្និដ្ឋានរបស់ព្រះរាជអាជ្ញាមានសារៈសំខាន់ណាស់ ពីព្រោះថា ការសរសេរសំអាងហេតុនៅក្នុងសេចក្តី សម្រេច គឺមានគោល​បំណង​ដូចតទៅ៖

ក)         ការពារភាគីឲ្យចាកផុតពីការទទួលបាននូវសេចក្តីសម្រេចតាមតែទំនើងចិត្ត និងការពារ សច្ចភាពផ្លូវច្បាប់។

ខ)         ធានាថា ជនជាប់ចោទ និងសាធារណជន ពិតជាបាន​យល់អំពីសេចក្តី​សម្រេច និង បង្ហាញភាគីថា តុលាការពិតជាបានស្តាប់ទឡ្ហីករណ៍ទាំងអស់​ដែលពួកគេបានលើកឡើងនិងបង្ហាញអង្គច្បាប់ដែលតុលាការយកមកធ្វើជាសំអាង។

គ)         អនុញ្ញាតឲ្យមានការត្រួតពិនិត្យជាសាធារណៈលើកិច្ចការរដ្ឋបាលតុលាការនិងធានាថា តុលាការបានបង្ហាញនូវការយកចិត្តទុកដាក់ពិសេសនៅក្នុងការអនុវត្តកិច្ចដំណើរការ នីតិវិធី។

ឃ)        ពង្រឹងចៅក្រមឲ្យអនុវត្តកាតព្វកិច្ចក្នុងការបង្ហាញសំអាងហេតុរបស់ខ្លួនប្រកបដោយ គុណភាពដោយផ្អែកទៅលើទឡ្ហីករណ៍ជាសត្យានុម័ត និង ចំណេះដឹងផ្លូវច្បាប់។

ង)         ធានានូវយន្តការប្តឹងឧទ្ធរណ៍ និង ប្តឹងសាទុក្ខ ដោយផ្តល់លទ្ធភាពឲ្យភាគីប្តឹងឧទ្ធរណ៍ និងប្តឹងសាទុក្ខ និង ដោយអនុញ្ញាតឲ្យមានការត្រួតពិនិត្យឡើងវិញដោយតុលាការជាន់ ខ្ពស់ប្រកបដោយប្រសិទ្ធិភាព។

           

            ដូច្នេះ ចៅក្រមត្រូវតែសរសេរសំអាងហេតុនៅក្នុងរាល់សេចក្តីសម្រេចរបស់ខ្លួន។

ខ្ញុំក៍សូមជម្រាបបន្ថែមថា តុលាការកំពូលនឹងខិតខំអភិវឌ្ឍន៍កិច្ចការរដ្ឋបាលរបស់ខ្លួន ជាពិសេសរដ្ឋបាល តុលាការ ដោយផ្តោតលើការគ្រប់់គ្រងរឿងក្តីតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ដែលជាវិធីសាស្ត្រគ្រប់គ្រងទំនើបនាពេល បច្ចុប្បន្ននេះ។ ប៉ុន្តែ វាអាស្រ័យលើលទ្ធភាព និងសមត្ថភាពរបស់យើងផងដែរ។ ដូច្នេះ ខ្ញុំសូមក្រើនរំលឹកដល់ ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីនៅតាមសាលាជម្រះក្តី និងអយ្យការគ្រប់ជាន់ថ្នាក់ជាពិសេសមន្ត្រីរាជការតុលាការ កំពូល ត្រូវខិតខំរៀនសូត្របន្ថែមអំពីរបៀបប្រើប្រាស់សេវាប្រព័ន្ធព័ត៌មានវិទ្យានេះ បើមិនដូច្នោះទេ យើងនឹងស្ថិតនៅក្នុងស្ថានភាពអន់ថយជារៀងរហូតជួបនូវវិបត្តិនាពេលខាងមុខមិនខានឡើយ។

ទន្ទឹមនឹងនេះ ដើម្បីពង្រឹងប្រសិទ្ធិភាពការងារតុលាការកំពូល និង ក៍ដូចជាការចូលរួមបង្កើនជំនឿទុកចិត្ត គេលើវិស័យតុលាការ តុលាការកំពូលបានបង្កើតហទំព័ររបស់ខ្លួនរួចហើយដែលមានអាស័យដ្ឋាន www.supremecourt.gov.kh។តាមរយៈគេហទំព័រនេះ លោកអ្នកអាចរកបាននូវអត្ថបទច្បាប់ជាច្រើន និង​អាចចូលមើលសាលដីការបស់តុលាការកំពូលដែលយើងបានដាក់បញ្ចូលជាច្រើនទៀត និងអាចបានដឹងអំពីកម្មវិធី ជំនុំជម្រះរបស់តុលាការកំពូលទៀតផង។

ចាប់ពីពេលនេះតទៅ តុលាការកំពូលនឹងដាក់បញ្ចូលសាលដីការបស់តុលាការកំពូលទៅក្នុង DVD-ROM និងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយជាងនេះតាមរយៈការដាក់បញ្ចូលសាលដីកាទៅក្នុងគេហទំព័ររបស់ តុលាការកំពូល ដើម្បីបង្កលក្ខណៈឲ្យសាធារណៈជនដែលមានការចាប់អារម្មណ៍ខាងវិស័យច្បាប់អាចសិក្សា ស្រាវជ្រាវ ឬ បានយល់ដឹងអំពីកិច្ចដំណើរការរបស់តុលាការ និង អាចកាត់បន្ថយនូវការរិះគន់មិនត្រឹមត្រូវបាន ទៀតផង។          

            ដោយហេតុថា សាលដីកាតុលាការកំពូលនឹងត្រូវផ្សព្វផ្សាយទូលំទូលាយ ទន្ទឹមនឹងពេលដែលច្បាប់ថ្មីធំជាច្រើនបានចូលជាធរមាន ដូចជានៅចុងឆ្នាំនេះ ក្រមរដ្ឋប្បវេណី និងច្បាប់ពាក់ព័ន្ធនឹងក្រមរដ្ឋប្បវេណីជាច្រើនទៀត នឹងត្រូវចាប់ផ្តើមអនុវត្តព្រមពេលជាមួយគ្នានោះ ដូច្នេះ ចៅក្រមចាំបាច់ត្រូវតែធ្វើការសិក្សាស្រាវជ្រាវឲ្យកាន់តែខ្លាំងថែមទៀតបើមិនដូច្នេះទេ ចៅក្រមនឹងជួបឧបសគ្គក្នុងការអនុវត្តច្បាប់ថ្មីៗជាមិនខាន។

ការខ្វះខាតចំណេះដឹងខាងផ្លូវច្បាប់របស់ចៅក្រមណាម្នាក់ នឹងនាំឲ្យចៅក្រមនោះសម្រេចសេចក្តីមិនត្រឹម ត្រូវ ឬ សម្រេចត្រឹមត្រូវ ប៉ុន្តែសរសេរសំអាងហេតុមិនបានគ្រប់ជ្រុងជ្រោយ ឬ សរសេរសំអាងហេតុមិនមាន គុណភាព ដែលការណ៍នេះក៍អាចធ្វើឲ្យសាធារណៈជនយល់មិនបានច្បាស់លើមូលហេតុនៃការចេញ សេចក្តីសម្រេច ដែលអាចឈានដល់ការបាត់បង់តម្លាភាព និងបាត់បង់ជំនឿទុកចិត្តពីសាធារណៈជនលើវិស័យតុលាការ។

            សរុបមក ការបោះពុម្ពផ្សាយសាលដីការបស់តុលាការកំពូលនាពេលនេះ មិនត្រឹមតែជាការផ្សព្វផ្សាយ ឬ សម្រាប់ការស្រាវជ្រាវប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្ហាញពីតម្លាភាពនៅក្នុងវិស័យយុត្តាធិការ និង ជួយបង្កើនជំនឿ ទុកចិត្តពីសាធារណៈជនទៀតផង។

ជាថ្មីម្តងទៀតខ្ញុំសូមសំដែងនូវការរីករាយជាពិសេសនឹងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងតុលាការកំពូលនិងវិទ្យាស្ថានបូព៌ា-បច្ចឹមរបស់សហរដ្ឋអាមេរិក។តុលាការកំពូលនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អនេះតទៅមុខទៀតនិងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ។

            ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោក លោកស្រី ប្រកបដោយសុខភាពល្អ និង ជ័យជំនះ។

                                                                        សូមអរគុណចំពោះការយកចិត្តទុកដាក់ស្តាប់ !

 

ទំព័រ​ទី 2 ​ទាំងអស់ 5 ទំព័រ